អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ (១២ មករា) ថា ស្ថានភាពគឺ «ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងទៅហើយ» ស្របពេលអ្នកស្លាប់កើនឡើងខ្លាំងពីភាពចលាចលជាង ២សប្តាហ៍មកនេះ ដែលទីក្រុងតេអេរ៉ង់ បានស្តីបន្ទោសដាក់ទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនការគំរាមកំហែងអន្តរាគមន៍នៅក្នុងប្រទេសនេះ។

ថ្លែងទៅកាន់អ្នកការទូតបរទេសនៅទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ការតវ៉ាបាន «ប្រែក្លាយទៅជាហិង្សា និងបង្ហូរឈាម ដើម្បីផ្តល់លេស» ឱ្យលោក Trump ធ្វើអន្តរាគមន៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានផ្កាយរណប Al Jazeera។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃចន្ទដដែលនោះថា ប្រទេសចិនសង្ឃឹមថា រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ អាចយកឈ្នះលើស្ថានភាពលំបាកបច្ចុប្បន្ននេះបាន និងបន្តរក្សាស្ថិរភាពជាតិ។
កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Trump បាននិយាយថា លោកកំពុងពិចារណាលើ «ជម្រើសដ៏ខ្លាំងក្លា» ខណៈដែលអ៊ីរ៉ង់ កំពុង «ចាប់ផ្តើម» ឆ្លងកាត់បន្ទាត់ក្រហមរបស់សហរដ្ឋអាមេរិក រួមទាំងលទ្ធភាពនៃអន្តរាគមន៍យោធាផងដែរ៕

