នៅថ្ងៃអង្គារ (១៣ មករា) នេះ ការគំរាមកំហែងពីចំហេះព្រៃនៅរដ្ឋ Victoria របស់អូស្រា្តលី បានធូរស្រាលជាងមុន ដោយពុំមានការព្រមានអាសន្ននោះទេ ប៉ុន្តែចំហេះធំៗជាង ១០កន្លែងទៀត នៅតែបន្តយ៉ាងសន្ធោរសន្ធៅ ខណៈរដ្ឋាភិបាលប្រចាំរដ្ឋ និងសហព័ន្ធ បានប្តេជ្ញាផ្តល់ជំនួយដំបូងរាប់លានដុល្លារ ដើម្បីជួយសម្អាតរចនាសម្ព័ន្ធជាង ៥០០កន្លែង ដែលត្រូវដុតបំផ្លាញដោយចំហេះព្រៃ។

មជ្ឈមណ្ឌលត្រួតពិនិត្យរដ្ឋ (SCC) នៅព្រឹកថ្ងៃអង្គារនេះ បានបញ្ជាក់ថា ចំហេះព្រៃធំៗចំនួន ១២កន្លែង កំពុងបន្តឆាបឆេះនៅទូទាំងរដ្ឋ Victoria ដែលភាគច្រើនត្រូវបានរំពឹងថា នឹងនៅតែឆេះក្នុងរយៈពេលជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ទៀត ប៉ុន្តែទោះជាបែបនេះក្ដី ពុំមានការព្រមានអាសន្នណាមួយត្រូវបានអនុវត្តនោះទេ ជាលើកដំបូងបំផុតចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនមក។

មជ្ឈមណ្ឌល SCC ប៉ាន់ប្រមាណថា ផ្ទៃដីរាប់ម៉ឺនហិកតា ត្រូវបានដុតបំផ្លាញក្នុងចំហេះព្រៃដ៏កំណាចនេះ ដោយលោក Tim Wiebusch ស្នងការគ្រប់គ្រងគ្រាអាសន្នរបស់រដ្ឋ Victoria បានបញ្ជាក់ថា រចនាសម្ព័ន្ធជាង ៥០០ទីតាំង ត្រូវបានខូចខាត ឬបំផ្លាញ ដែលកើនឡើងពីតួលេខ ៣៥០កន្លែង កាលពីថ្ងៃចន្ទ។
នៅថ្ងៃអង្គារនេះ មានយន្តហោះជាង ៧០គ្រឿង ត្រូវបានបញ្ជូនដើម្បីទប់ស្កាត់អណ្តាតភ្លើង។

អាជ្ញាធរបានផ្តោតការយកចិត្តទុកដាក់ទៅលើការសម្អាត ការបើកផ្លូវឡើងវិញ និងការត្រៀមលក្ខណៈសម្រាប់រដូវកាលភ្លើងឆេះព្រៃដែលនៅសេសសល់។ កាលពី ៦ឆ្នាំមុន អំឡុងឆ្នាំ២០១៩-២០២០ អូស្ត្រាលី បានមើលឃើញរដូវកាលចំហេះព្រៃដ៏ធ្ងន់ធ្ងរបំផុត ដែលហៅថា «រដូវក្តៅពណ៌ខ្មៅ» (Black Summer) ដោយនៅពេលនោះ មនុស្សរាប់សិបនាក់បានស្លាប់ និងផ្ទៃដីរាប់សិបលានហិកតាត្រូវបានដុតបំផ្លាញ៕