ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះអញ្ជើញបេសកជននៃប្រទេសអង់គ្លេស អាល្លឺម៉ង់ បារាំង និងអ៊ីតាលីកាលពីថ្ងៃចន្ទ បន្ទាប់ពីរដ្ឋាភិបាលរបស់ពួកគេ បានបង្ហាញការគាំទ្រចំពោះការតវ៉ា នៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim។

សារព័ត៌មាន Tasnim បានរាយការណ៍ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំ មន្ត្រីអ៊ីរ៉ង់បានបង្ហាញបេសកជននូវ «ភស្តុតាងវីដេអូនៃសកម្មភាពហិង្សាដោយក្រុមកុបករ» ដោយនិយាយថា សកម្មភាពទាំងនោះលើសពីការធ្វើបាតុកម្មដោយសន្តិវិធី។ ទីក្រុងតេអេរ៉ង់បានស្នើសុំឲ្យអ្នកការទូតបញ្ជូនវីដេអូទៅរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ និងបានជំរុញឲ្យរដ្ឋាភិបាលរបស់ពួកគេដកសេចក្តីថ្លែងការណ៍ផ្លូវការដែលគាំទ្រការតវ៉ានេះ។

ដោយឡែក ប្រធានសភាអឺរ៉ុប លោកស្រី Roberta Metsola កាលពីថ្ងៃចន្ទ បានប្រកាសហាមឃាត់អ្នកការទូត និងតំណាងអ៊ីរ៉ង់ទាំងអស់មិនឲ្យចូលទៅក្នុងបរិវេណសភា ដោយលើកឡើងពីការបង្ក្រាបរបស់អ៊ីរ៉ង់លើភាពចលាចល។ សហភាពអឺរ៉ុបក៏បាននិយាយផងដែរថា ខ្លួនមានផែនការ «ដាក់ទណ្ឌកម្មថ្មី និងធ្ងន់ធ្ងរជាងនេះ» លើអ៊ីរ៉ង់។
ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីចុងខែមុន ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រីអាល់ (Rial) និងកំណែទម្រង់ឧបត្ថម្ភធនយ៉ាងទូលំទូលាយ មុនពេលវិវត្តទៅជាភាពចលាចលទូទាំងប្រទេស ដោយមានការប៉ះទង្គិចគ្នារវាងនគរបាល និងក្រុមបាតុករ។
របាយការណ៍របស់កាសែត Tasnim បានបញ្ជាក់ថា យ៉ាងហោចណាស់សមាជិកកងកម្លាំងសន្តិសុខអ៊ីរ៉ង់ចំនួន ១១១ នាក់ ត្រូវបានសម្លាប់ នៅក្នុងភាពចលាចលរយៈពេលពីរសប្តាហ៍កន្លងមកនេះ។
អាជ្ញាធរអ៊ីរ៉ង់មិនទាន់បានចេញផ្សាយតួលេខផ្លូវការនៃអ្នកស្លាប់ និងរបួសសម្រាប់អ្នកតវ៉ា នៅឡើយទេ៕