កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលខ្លាំងក្លាបំផុតនៅឆ្នាំនេះទៅលើប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃអង្គារនេះ បណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសច្រើននាក់ខណៈការកាត់ផ្តាច់ចរន្តអគ្គិសនី បានកើតឡើងនៅក្នុងទីក្រុងគីវ បន្ទាប់ពីការបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធ។
ក្រុមហ៊ុន Ukrenergo ដែលជាប្រតិបត្តិករបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន បាននិយាយថា ការកាត់ផ្តាច់ចរន្តអគ្គិសនីត្រូវបានដាក់នៅក្នុងទីក្រុងគីវ បន្ទាប់ពីអ្វីដែលប្រធានរដ្ឋបាលយោធាទីក្រុងគីវ លោក Tymur Tkachenko បាននិយាយថា គឺជាការវាយប្រហារដោយមីស៊ីលមានរយៈពេលខ្លី ប៉ុន្តែខ្លាំងក្លាទៅលើរដ្ឋធានី។ ក្រុមហ៊ុន DTEK ជាក្រុមហ៊ុនថាមពលឯកជនរបស់អ៊ុយក្រែន បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានបំផ្លាញឧបករណ៍អគ្គិសនីយ៉ាងធ្ងន់ធ្ងរនៅរោងចក្រថាមពលកម្តៅមួយកន្លែងរបស់ខ្លួន។

ប្រទេសរុស្ស៊ី បានកំណត់គោលដៅដដែលៗទៅលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែនដោយប្រើប្រាស់មីស៊ីល និងយានដ្រូនចាប់តាំងពីការចាប់ផ្តើមឈ្លានពានរបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងបង្អាក់ដល់ការផ្គត់ផ្គង់អគ្គិសនីនិងកម្តៅក្នុងរដូវរងា ខណៈប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនព្យាយាមស្ទាក់ចាប់រលកនៃការវាយប្រហារទាំងនោះ។
បណ្តាញត្រួតពិនិត្យ Telegram របស់អ៊ុយក្រែនបាននិយាយថា មីស៊ីលបាលីស្ទីកប្រហែល២០គ្រាប់ត្រូវបានបាញ់ក្នុងរយៈពេលប្រហែលមួយម៉ោងកាលពីពេលយប់ ជាអ្វីដែលពួកគេបានពិពណ៌នាថាជាការវាយប្រហារខ្លាំងក្លាបំផុតនៅឆ្នាំនេះ។
