អ្នកនាំពាក្យគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាចរបស់ប្រទេសទួរគី លោក Omer Celik បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសនេះយល់ថា បញ្ហាដែលអ៊ីរ៉ង់កំពុងប្រឈមនាពេលបច្ចុប្បន្ន គួរតែត្រូវបានដោះស្រាយ ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។
លោក Celik បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស ដែលដឹកនាំដោយប្រធានគណបក្ស និងជាប្រធានាធិបតី លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan)ថា៖«យើងមិនត្រូវ ការភាពវឹកវរនៅក្នុងប្រទេសអ៊ីរ៉ង់ជិតខាងទេ។ យើងសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាស្ថិរភាពនៅទីនោះ។ បញ្ហាស្ថិរភាពទាំងនេះ មិនគួរត្រូវបានដោះស្រាយ តាមរយៈការជ្រៀតជ្រែកពីខាងក្រៅទេ។ ការជ្រៀតជ្រែកពីខាងក្រៅណាមួយដែលអាចកើតមាន នឹងធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរឡើងៗ»។

លោក Celik បានរិះគន់សេចក្តីថ្លែងការណ៍ចេញពីអ៊ីស្រាអែលសំដៅលើអ៊ីរ៉ង់។ លោកបានកត់សម្គាល់ថា ៖«ដោយក្រឡេកមើលសេចក្តីថ្លែងការណ៍របស់មន្ត្រីអ៊ីស្រាអែលចំពោះអ៊ីរ៉ង់ យើងឃើញថា ពួកគេបានប្រកាន់ជំហរដ៏ឃោរឃៅដែលនឹងនាំឲ្យមានបញ្ហាកាន់តែច្រើននៅទូទាំងតំបន់នេះ»។
កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ពាណិជ្ជករបានចាប់ផ្តើមតវ៉ានៅទីក្រុងតេអេរ៉ង់ជុំវិញការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រាក់រីអាល់អ៊ីរ៉ង់។ នៅថ្ងៃទី ៣០ ខែធ្នូ និស្សិតសាកលវិទ្យាល័យបានចូលរួមភាពចលាចល ដែលបានបង្កឲ្យមានស្ថានភាពដ៏បំផ្លិចបំផ្លាញដល់ទីក្រុងធំៗភាគច្រើន។ ការតវ៉ាបានឡើងដល់កម្រិតខ្ពស់បំផុត នៅយប់ថ្ងៃទី ០៨ ខែមករា នៅពេលដែលយ៉ាងហោចណាស់ជនស៊ីវិល ១៣នាក់ ក្នុងនោះមានកុមារអាយុ ៣ឆ្នាំ ម្នាក់ ត្រូវបានសម្លាប់ ដោយសារសកម្មភាពរបស់ក្រុមបាតុករ។ អាជ្ញាធរក៏បានប្រកាសពីការស្លាប់របស់មន្ត្រីអនុវត្តច្បាប់ចំនួន ៣៨ នាក់ផងដែរ។ ទីក្រុងតេអេរ៉ង់បានចាត់ទុកក្រុមបាតុករថា ជាភេរវករ ហើយបានដាក់ការទទួលខុសត្រូវចំពោះភាពចលាចលនេះ ទៅលើអ៊ីស្រាអែល និងសហរដ្ឋអាមេរិក៕
