ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា លោកស្រីបានពិភាក្សា អំពីសន្តិសុខ ការជួញដូរគ្រឿងញៀន និងបញ្ហាពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump អំឡុងការសន្ទនាតាមទូរសព្ទ ដែលលោកស្រីចាត់ទុកថា ជាការ «សន្ទនាដ៏ល្អណាស់» កាលពីថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦)។

តាមរយៈបណ្ដាញសង្គម X លោកស្រី Sheinbaum បានឲ្យដឹងថា៖ «យើងមាននូវការសន្ទនាដ៏ល្អជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump»។
លោកស្រី Sheinbaum បានបញ្ជាក់ថា ការពិភាក្សានោះ ផ្តោតលើសន្តិសុខ ដោយមានការគោរព ចំពោះអធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិក រួមជាមួយនឹងជជែកអំពីបញ្ហាការជួញដូរគ្រឿងញៀន ពាណិជ្ជកម្ម និងការ វិនិយោគ។ លោកស្រីបានបន្ថែមថា៖ «កិច្ចសហការ និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌនៃការគោរពគ្នាទៅវិញទៅមក តែងតែទទួលបាននូវលទ្ធផលល្អ»។
ទាំងសហរដ្ឋអាមេរិក និងលោក Trump មិនបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗឡើយ អំពីការជជែកតាមទូរស័ព្ទនេះ។ ការសន្ទនាតាមទូរស័ព្ទនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Juan Ramon de la Fuente កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក អំពីកិច្ចសហប្រតិបត្តិការ ដើម្បីកម្ចាត់ «បណ្តាញភេរវករគ្រឿងញៀនដ៏ហិង្សារបស់ប្រទេសម៉ិកស៊ិក និងបញ្ឈប់ការជួញដូរសារធាតុហ្វង់តានីល និងអាវុធ»៕
