អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦) បានព្រមានថា កង្វះអាហារូបត្ថម្ភរបស់កុមារ នៅតំបន់ហ្កាហ្សា បានឈានដល់កម្រិតគួរឲ្យបារម្ភ ដោយជិត ៩៥.០០០ករណី ត្រូវបានរកឃើញនៅឆ្នាំ២០២៥ ហើយស្ថានភាពរដូវរងាដ៏អាក្រក់កំពុងប៉ះពាល់ការទទួលបានជំនួយមនុស្សធម៌ដ៏ផុយស្រួយ។
ដោយដកស្រង់របាយការណ៍ពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អ្នកនាំពាក្យ UN លោក Stephane Dujarric បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា នៅតែមានសភាពធ្ងន់ធ្ងរដដែល ដោយសារស្ថានភាពអាកាសធាតុដ៏អាក្រក់ កំពុងធ្វើឲ្យប៉ះពាល់ដល់វឌ្ឍនភាពនៃការឆ្លើយតបមនុស្សធម៌»។

លោក Dujarric បានរាយការណ៍ថា ទីភ្នាក់ងារដឹកនាំការឆ្លើយតបអាហារូបត្ថម្ភ នៅតែបន្តរកឃើញកុមារមួយចំនួនធំដែលត្រូវការជំនួយបន្ទាន់។
លោកបានប្រាប់ថា៖ «ដៃគូមនុស្សធម៌ដែលដឹកនាំការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់យើង បានរាយការណ៍ថា កាលពីខែមុន ពួកគេបានត្រួតពិនិត្យកុមារជាង ៧៦.០០០នាក់ និងបានរកឃើញករណីកង្វះអាហារូបត្ថម្ភស្រួចស្រាល់ប្រហែល ៤.៩០០ករណី ក្នុងរួមមានករណីកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរខ្លាំងជាង ៨២០ករណី»។
លោកបានបន្ថែមថា៖ «កម្រិតនេះនាំឲ្យចំនួនសរុបនៃករណីកង្វះអាហារូបត្ថម្ភស្រួចស្រាល់ដែលត្រូវបានរកឃើញនៅឆ្នាំ២០២៥ កើនឡើងដល់ជិត ៩៥.០០០ករណី»៕
