នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក ឧត្តមសេនីយ៍ឯក Abdolrahim Mousavi បានថ្លែងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបញ្ជូនភេរវកររដ្ឋអ៊ីស្លាម ឲ្យចូលរួមក្នុងកុបកម្មទ្រង់ទ្រាយធំ និងសម្លាប់មន្ត្រីអនុវត្តច្បាប់ និងជនស៊ីវិលអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីមន្ត្រីការពារជាតិដែលបាននិយាយថា៖«ដើម្បីទូទាត់សងសម្រាប់ការបរាជ័យរបស់ពួកគេ នៅក្នុងសង្គ្រាមការពារជាតិដ៏ពិសិដ្ឋរយៈពេល ១២ថ្ងៃ សហរដ្ឋអាមេរិក និងរបបជ្វីហ្វ បានបញ្ចេញភេរវករ IS ដើម្បីវាយប្រហារប្រជាជនដ៏អស្ចារ្យរបស់យើង។ ទាហានស៊ីឈ្នួលទាំងនេះ ដែលអាក្រក់ជាងសត្វព្រៃ បានសម្លាប់ជនស៊ីវិល និងមន្ត្រីអនុវត្តច្បាប់»។
លោក Mousavi បានព្រមានថា៖«កងកម្លាំងសន្តិសុខអ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យក្រុមភេរវករ IS ឬអាយ៉ងបរទេសណាមួយទទួលបានទីតាំងឈរជើងនៅក្នុងប្រទេសនេះទេ»។
ភាពចលាចលនៅក្នុងប្រទេសនេះ បានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់រីអាល់អ៊ីរ៉ង់ ហើយបានរីករាលដាលដល់ទីក្រុងធំៗភាគច្រើន។ អាជ្ញាធរបានរាយការណ៍ពីការស្លាប់របស់មន្ត្រីអនុវត្តច្បាប់ចំនួន ៣៨នាក់។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានឲ្យដឹងថា ភេរវករប្រដាប់អាវុធបានបង្ហាញខ្លួន ក្នុងចំណោមក្រុមបាតុករ នៅថ្ងៃទី ០៨ ខែមករា។ អាជ្ញាធរអ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកចំពោះការរៀបចំភាពចលាចលនេះ។ នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកកំពុងពិចារណាយ៉ាងហ្មត់ចត់អំពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងទីក្រុងតេអេរ៉ង់៕
