នាយសេនាធិការការពារជាតិអង់គ្លេស លោកសេនាប្រមុខកងទ័ពអាកាស Richard Knighton បាននិយាយថា លោកនឹងមិនដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែនទេ បន្ទាប់ពីជម្លោះបានបញ្ចប់ លុះត្រាតែលោកត្រូវបានធានាអំពីសុវត្ថិភាពរបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Sky News។
លោក Knighton បាននិយាយកាលពីថ្ងៃទី ១២ ខែមករា ដើម្បីឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាគណបក្សអភិរក្សនិយមលោក Jesse Norman ទាក់ទងនឹងការធានាសុវត្ថិភាពសម្រាប់បុគ្គលិកយោធាអង់គ្លេស ប្រសិនបើពួកគេត្រូវបានបញ្ជូនទៅអ៊ុយក្រែនថា៖ «នេះ គឺជាការងាររបស់ថ្នាក់ដឹកនាំយោធា ហើយដោយមានការគាំទ្រពីរដ្ឋមន្ត្រី ក្នុងការធ្វើការសម្រេចចិត្ត គឺត្រូវវិនិច្ឆ័យកម្រិតនៃហានិភ័យនោះ និងធ្វើឲ្យប្រាកដថា អត្ថប្រយោជន៍ដែលយើងទទួលបានពីការដាក់ពង្រាយមានលើសពីហានិភ័យណាមួយដែលយើងអាចមាន»។

លោក Knighton បានទទួលស្គាល់ថា ទោះបីជាមានទំនុកចិត្តក្នុងការធានាសុវត្ថិភាពត្រឹមត្រូវសម្រាប់បុគ្គលិកយោធាអង់គ្លេស នៅអ៊ុយក្រែនក៏ដោយ។ សារព័ត៌មាន Sky News បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«ពុំមានអ្វីដែលហៅថា ហានិភ័យសូន្យនៅក្នុងបរិយាកាសប្រតិបត្តិការនោះទេ»។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាណាតូនៅជិតព្រំដែនរុស្ស៊ី បង្កការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសនេះ។ លោកបានច្រានចោលការព្រមានរបស់អ្នកនយោបាយអឺរ៉ុបអំពីសង្គ្រាមដែលអាចកើតមានរវាងរុស្ស៊ីនិងសហភាពអឺរ៉ុប ដោយសង្ស័យលើជំនឿចិត្តរបស់ពួកគេចំពោះសេចក្តីថ្លែងការណ៍របស់ពួកគេ៕
