នគរបាលនិយាយថា ក្រុមនគរបាលអេស្ប៉ាញ រឹបអូសបានសារធាតុកូកាអ៊ីនច្រើនបំផុតពុំធ្លាប់មាននៅក្នុងសមុទ្ររលកខ្ពស់ ដោយពួកគេតាមស្កាត់នាវាមួយគ្រឿងដឹកគ្រឿងញៀនទម្ងន់ ១០តោន បិទជិតនៅក្នុងអំបិល តាមផ្លូវពីប្រេស៊ីលទៅកាន់អឺរ៉ុប ។
នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការតាមចាប់នាវានេះដែរ នាំឲ្យមានការចាប់ខ្លួនមនុស្ស ១៣នាក់ ។ នាវាដែលអស់ប្រេងមួយគ្រឿងនេះ ត្រូវបានសណ្តោងទៅកាន់កំពង់ផែ ដោយឆ្មាំល្បាតឆ្នេរនៅទីក្រុង Santa Cruz de Tenerife ស្ថិតក្នុងប្រជុំកោះ Canary ។

មន្រ្តីនគរបាលរកឃើញគ្រឿងញៀនចំនួន ២៩៤កញ្ចប់ និងកាំភ្លើងខ្លី ១ដើម ។
រូបភាពវីដេអូឃ្លីបឃើញក្រុមមន្រ្តីនគរបាលប្រើប៉ែល និងកាយដោយដៃទទេរ ដើម្បីយកសារធាតុកូកាអ៊ីនចញពីក្រោមអំបិល ហើយនិងយកកញ្ចប់គ្រឿងញៀនទាំងនេះ ទៅកាន់ផែ ។
កិច្ចខិតខំអន្តរជាតិនេះ មានការចូលរួមផងដែរពីរដ្ឋបាលអនុវត្តច្បាប់គ្រឿងញៀនសហរដ្ឋអាមេរិក នគរបាលសហព័ន្ធប្រេស៊ីល ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស និងក្រុមអាជ្ញាធរនៅប្រទេសបារាំង និងនៅប្រទេសព័រទុយហ្គាល់ ៕
