បន្ទាប់ពីមានកិច្ចប្រជុំកំពូលនៅប្រទេសជប៉ុន មេដឹកនាំរបស់ជប៉ុន និងកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារ (ទី១៣ ខែមករា ឆ្នាំ២០២៦) នេះថា ភាគីទាំង២ មានគោលបំណងពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងភាពតានតឹងដែលមានកាន់តែខ្លាំងឡើងៗ នៅតំបន់អាស៊ីបូព៌ា។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានពិភាក្សា អំពីខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្ម បញ្ញាសិប្បនិម្មិត (AI) ការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តរួមគ្នា គឺសហរដ្ឋអាមេរិក។
ក្នុងសេចក្តីប្រកាសរួមគ្នាជាមួយលោក Lee នៅឯតំបន់ Nara ដែលជាស្រុកកំណើតរបស់លោកស្រីនាយករដ្ឋមន្ត្រី លោកស្រី Takaichi បានលើកឡើងថា៖ «សារៈសំខាន់នៃទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតែបន្តរីកចម្រើន»។

ចំណែកលោក Lee ដែលគ្រោងនឹងចំណាយពេលទស្សនកិច្ច ២ថ្ងៃ នៅជប៉ុន បានប្រាប់ឲ្យដឹងថា មេដឹកនាំទាំង២ ក៏នឹងបង្កើនផងដែរនូវកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានកំណត់គោលដៅលើជនរងគ្រោះឆ្លងកាត់ព្រំដែន។
គួរបញ្ជាក់ថា កិច្ចពិភាក្សានេះបានកើតឡើង ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូង លោក Lee បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ស្របពេលដែលទំនាក់ទំនង រវាងទីក្រុងតូក្យូ និងប៉េកាំង ស្ថិតក្នុងស្ថានភាពតានតឹង បន្ទាប់ពីមាននូវការកត់សម្គាល់របស់លោកស្រី Takaichi ដែលថា ជប៉ុនអាចដាក់ពង្រាយកងកម្លាំងរបស់ខ្លួន ប្រសិនបើការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់បង្កការគំរាមកំហែងដល់ជីវិតរស់នៅរបស់ប្រទេសខ្លួន៕

