កងទ័ពស៊ីរី បានបញ្ជូនកងកម្លាំងពង្រឹងច្បាប់ទៅកាន់តំបន់ជាយក្រុងភាគខាងកើតទីក្រុង Aleppoក្រោយមើលឃើញការមកដល់បន្ថែមទៀតរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) នៅតំបន់នោះ បន្ទាប់ពីការប៉ះទង្គិចគ្នាស្លាប់មនុស្សជាច្រើនថ្ងៃនៅក្នុងទីក្រុង ហើយនិងការចាកចេញទៅវិញរបស់កងកម្លាំង SDF ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ SANA បានចាក់ផ្សាយរូបភាពវីដេអូឃ្លីបឃើញទាហានស៊ីរី ធ្វើដំណើរឆ្ពោះទៅកាន់បន្ទាត់ដាក់ពង្រាយនៅភាគខាងកើតទីក្រុង Aleppo ។
ទីភ្នាក់ងារ SANA រាយការណ៍ថា អាជ្ញាធរប្រតិបត្តិការកងទ័ពស៊ីរីនិយាយថា ពួកយើងបានមើលឃើញការមកដល់ថ្មីរបស់អង្គភាព SDF នៅតំបន់ជនបទភាគខាងកើតទីក្រុង Aleppo ស្ថិតនៅជិតតំបន់ជួរមុខ Maskana និង Deir Hafer ។

ទីភ្នាក់ងារនេះ រាយការណ៍ដោយស្រង់សម្តីអាជ្ញាធរប្រតិបត្តិការកងទ័ពស៊ីរីថា យោងតាមប្រភពចារកម្មរបស់ពួកយើង កងកម្លាំងថ្មីនេះ រួមមានទាំងសមាជិកមកពីគណបក្សពលករឃើដ(PKK)ដែលកាលពីឆ្នាំមុន បានដកកម្លាំងរបស់ពួកគេទាំងអស់ចេញពីប្រទេសទួរគីទៅកាន់ភាគខាងជើងអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃដំណើរការសន្តិភាពជាមួយទួរគី បញ្ចប់ដំណើរការរំសាយអាវុធរយៈពេលច្រើនខែ បន្ទាប់ពីជម្លោះប្រដាប់អាវុធរយៈពេល ៤ទសវត្សរ៍ សម្លាប់មនុស្សរាប់ម៉ឺននាក់ ។
ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំង SDF បានច្រានចោលការចោទប្រកាន់របស់ក្រសួងការពារជាតិស៊ីរី ដែលថាពួកគេបានដាក់ពង្រាយកងកម្លាំងយោធាទៅកាន់តំបន់ជួរមុខ Deir Hafer ស្ថិតនៅភាគខាងកើតទីក្រុង Aleppo ៕
