បណ្ដាមេដឹកនាំជាន់ខ្ពស់ឥណ្ឌា និងចិន ចង់រក្សាសន្តិភាព នៅតាមបណ្តោយព្រំដែនរបស់ប្រទេសទាំង២ ហើយកំពុងធ្វើការ ដើម្បីបំពេញសាងទំនុកចិត្ត រវាងយោធានៃភាគីទាំង២។ នេះបើយោងតាមមេបញ្ជាការកងទ័ពជាន់ខ្ពស់បំផុតរបស់ឥណ្ឌាដែលបានប្រាប់ឲ្យដឹង។
មេបញ្ជាការកងទ័ពឥណ្ឌា លោក Upendra Dwivedi បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងញូវដេលីថា៖ «យើងកំពុងព្យាយាមបង្កើនទំនុកចិត្ត រវាងយោធានៃប្រទេសទាំង២។ បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាននាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស បានជួបគ្នាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយមានភាពបន្ទាន់ ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ ដើម្បីឲ្យបន្តរក្សាភាពស្ងប់ស្ងាត់នៅតាមព្រំដែន»។

ការអត្ថាធិប្បាយរបស់ឧត្តមសេនីយ៍រូបនេះ ពង្រឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំនយោបាយ ក្នុងការជួសជុលទំនាក់ទំនងដែលបានធ្លាក់ចុះដល់កម្រិតទាប បន្ទាប់ពីមាននូវការប៉ះទង្គិចគ្នាតាមព្រំដែនដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបានធ្វើឲ្យទាហានជាច្រើននាក់ស្លាប់ កាលពីខែមិថុនា ឆ្នាំ២០២០»។
ប្រទេសទាំង២ បានព្រមព្រៀងគ្នាដកកងទ័ពចេញពីចំណុចមានជម្លោះដែលនៅសល់ ដោយបើកផ្លូវឲ្យមានដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ទៅកាន់ប្រទេសចិន កាលពីខែសីហាឆ្នាំមុន ដែលជាលើកដំបូងរបស់លោក ក្នុងរយៈពេល ៧ឆ្នាំ។ នៅក្នុងកិច្ចប្រជុំថ្មីៗនេះ ជាមួយសមភាគីចិន មន្ត្រីឥណ្ឌាបានយកសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែនតំបន់ភ្នំហិមាល័យមានជម្លោះប្រវែង ៣.៤៨៨គីឡូម៉ែត្រ ជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យទំនាក់ទំនងមានប្រក្រតីភាព។
ក្រោយលោក Modi បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងឆ្នាំ២០២៥ ជំហាននានា ដើម្បីពង្រឹងចំណងមិត្តភាព បានកើតមានឡើងបន្ទាប់ពីនោះ ក្នុងនោះរួមទាំងការស្ដារឡើងវិញនូវជើងហោះហើរត្រង់ រវាងប្រទេសទាំង២ ផងដែរ ដែលត្រូវបានផ្អាក ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិព្រំដែន។ ជើងហោះហើរនេះបានចាប់ផ្តើមឡើងវិញ កាលពីខែតុលាឆ្នាំមុន៕

