អង់គ្លេស៖ ក្រុមហ៊ុនប្រេងឥន្ធនៈ Shell របស់អង់គ្លេសបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងលែងទិញប្រេងឥន្ធនៈរបស់រុស្ស៊ីទៀតហើយ បន្ទាប់ពីក្រុមមន្ត្រីអ៊ុយក្រែនបានរិះគន់ក្រុមហ៊ុនថាមពលយក្សមួយនេះ ចំពោះការទិញប្រេងឆៅពីក្រុង Moscow និងបានទាមទារឲ្យបណ្ដាក្រុមហ៊ុនរបស់ប្រទេសនានា កាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីព្រោះតែសង្គ្រាមនេះ។

វិធានការនេះបានកើតឡើងប៉ុន្មានម៉ោង មុនពេលរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានហាមប្រាមការនាំចូលប្រេងរបស់រុស្ស៊ី។ សហភាពអឺរ៉ុបស្ទាក់ស្ទើរដោយសារតែការពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី និងបារម្ភអំពីការប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលសកល។ ភាពច្របូកច្របល់បានធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារសកល ដែលនាំឲ្យតម្លៃប្រេងហក់ឡើងខ្ពស់បំផុតដល់ ១៣៩ដុល្លារអាមេរិកក្នុងមួយបារ៉ែលក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ។
ក្រុមហ៊ុនប្រេងឥន្ធនៈ Shell ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា ខ្លួននឹងឈប់ទិញប្រេងរបស់រុស្ស៊ីភ្លាមៗនៅលើទីផ្សារដែលត្រូវបានប្រើសម្រាប់កិច្ចព្រមព្រៀងតែម្តង ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនរហ័ស ហើយក្រុមហ៊ុននឹងមិនបន្តកិច្ចសន្យារយៈពេលវែងទៀតទេ។ ក្រុមហ៊ុនមានបំណងដកទាំងស្រុងពីទីផ្សាររុស្ស៊ីសម្រាប់ប្រេង ផលិតផលប្រេង ឧស្ម័នធម្មជាតិ និងឧស្ម័នធម្មជាតិរាវ ជាការអនុវត្តជាដំណាក់កាល៕
អត្ថបទ៖ សុខមាន