សិស្សបានវិលត្រឡប់ចូលរៀនវិញ នៅតំបន់ភាគខាងជើងប្រទេសនីហ្សេរីយ៉ា ក្រោយសាលារៀនបិទទ្វារអស់រយៈពេល ២សប្តាហ៍ ដោយសារក្តីបារម្ភសន្តិសុខ ក្នុងនោះ ក្រុមអាជ្ញាធរ បានដាក់ពង្រាយកងកងកម្លាំង និងមន្រ្តីការពារស៊ីវិល ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងចាប់ពង្រាត់ ។
នៅសាលាអនុវិទ្យាល័យរដ្ឋាភិបាល ស្ថិតក្នុងសង្កាត់ Kurmin Mashi រដ្ឋ Kaduna សិស្សសាលាក្នុងឯកសណ្ឋានពណ៌ត្នោត នាំគ្នាប្រជ្រៀតគ្នាតាមច្រកទ្វារសាលា ពេលដែលគ្រូមើលការមកដល់របស់ពួកគេ ខណៈអាជីវករលក់ដូរតាមដងផ្លូវ ចាប់ផ្តើមលក់អាហារសម្រន់ នំចំណីដល់ក្មេងៗ នៅក្រៅបរិវេនសាលារៀន ។
ការបើកទ្វារសាលារៀនេះដែរ ជាការចាប់ផ្តើមការវិលត្រឡប់មករកប្រក្រតីភាពវិញនៅក្នុងតំបន់ ជាទីដែលការចាប់ពង្រាត់សិស្សសាលាទ្រង់ទ្រាយធំ បានក្លាយជាការគំរាមកំហែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ខំឲ្យក្រុមអាជ្ញាធរផ្អាកការសិក្សាដោយសារក្តីកង្វល់សុវត្ថិភាព ។
សិស្សសាលាមួយរូបនិយាយថា រូបគេមានអារម្មណ៍សុវត្ថិភាព ពេលវិលត្រលប់មកចូលរៀនវិញ ពីព្រោះថា រូបគេមានគ្រូបង្រៀន មានមនុស្សចាស់ដែលធ្លាប់មើលថែពួកយើង ដូចដែលអ្វីដែលពួកគេធ្វើនៅផ្ទះរបស់ពួកយើងអញ្ចឹងដែរ ។
លោក Haruna Danjuma ដែលជាឪពុករបស់ក្មេងសិស្សសាលារូបនេះ និងជាមន្រ្តីរដ្ឋការ និយាយថា ការភ័យខ្លាចពីការចាប់ជំរិតមិនគួរដកហូតសិទ្ធិកុមារ ក្នុងការទទួលបានការអប់រំរបស់ពួកគេនោះឡើយ ។
សូមបញ្ជាក់ថា តំបន់ភាគខាងជើងនីហ្សេរីយ៉ា បានជួបរលកចាប់ជម្រិតសិស្សសាលាដោយក្រុមប្រដាប់អាវុធដែលស្វែងប្រាក់លោះ ក្នុងនោះ សិស្សសាលារាប់រយនាក់ ត្រូវបានចាប់ពង្រាត់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ ការវាយប្រហាររបស់ពួកគេ បានបង្អាក់ដល់ការអប់រំ និងបង្ខំឲ្យសាលារៀនបិទទ្វារបណ្តោះអាសន្ន នៅទូទាំងរដ្ឋជាច្រើន ៕