ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃអង្គារ (ទី១៣ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា សហភាពអឺរ៉ុប (EU) នឹងស្នើឡើង «យ៉ាងឆាប់រហ័ស» នូវទណ្ឌកម្មបន្ថែមទៀត លើអ្នកដែលត្រូវទទួលខុសត្រូវ ចំពោះការបង្ក្រាបបាតុកម្ម នៅក្នុងប្រទេសអ៊ីរ៉ង់។
តាមរយៈវេទិកាបណ្ដាញសង្គម X លោកស្រី von der Leyen បានលើកឡើងថា៖ «ចំនួនអ្នកស្លាប់ និងរបួស កើនឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ គឺគួរឲ្យតក់ស្លុតខ្លាំងណាស់។ ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់កម្លាំងជ្រុលហួសហេតុ និងការបន្តរឹតត្បិតសេរីភាព»។
ការបង្ហោះរបស់លោកស្រី បានសង្កត់ធ្ងន់ថា៖ «ការដាក់ទណ្ឌកម្មបន្ថែមទៀតលើអ្នកដែលត្រូវទទួលខុសត្រូវ ចំពោះការបង្ក្រាបនេះ នឹងត្រូវបានស្នើឡើងយ៉ាងឆាប់រហ័ស»។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះដែរ បើយោងតាមមន្ត្រីអ៊ីរ៉ង់ម្នាក់ បានឲ្យដឹងថា មនុស្សប្រហែល ២.០០០នាក់ រួមទាំងបុគ្គលិកសន្តិសុខផងដែរ ត្រូវបានសម្លាប់ នៅក្នុងការតវ៉ានេះ។ នេះគឺជាលើកដំបូងហើយ ដែលអាជ្ញាធរបានទទួលស្គាល់ចំនួនអ្នកស្លាប់ដ៏ខ្ពស់ ដែលបណ្ដាលមកពីការបង្ក្រាបយ៉ាងខ្លាំងក្លាលើភាពចលាចលទូទាំងប្រទេសរយៈពេល ២សប្តាហ៍មកនេះ។
ភាពចលាចលដែលបង្កឡើងដោយសារស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗនោះ គឺជាបញ្ហាប្រឈមផ្ទៃក្នុងដ៏ធំបំផុត សម្រាប់អាជ្ញាធរអ៊ីរ៉ង់ យ៉ាងហោចណាស់មានរយៈពេល ៣ឆ្នាំមកហើយ ហើយកើតឡើង ស្របពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងៗ៕