
សូម៉ាលីបានកាត់ផ្តាច់កិច្ចព្រមព្រៀងទាំងអស់ជាមួយអារ៉ាប់រួម ដោយលុបចោលកិច្ចព្រមព្រៀងសំខាន់ៗ រួមទាំងប្រតិបត្តិការកំពង់ផែ កិច្ចសហប្រតិបត្តិការសន្តិសុខ ដោយពួកគេលើកឡើងពីសកម្មភាពប៉ះពាល់ដែលធ្វើឲ្យអន្តរាយដល់ឯកភាពជាតិ និងអធិបតេយ្យភាពប្រទេសរបស់ពួកគេ ។
ក្រោយក្រុមប្រឹក្សារដ្ឋមន្រ្តីប្រកាសការសម្រេចចិត្តកាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការពារជាតិសូម៉ាលីលោក Ahmed Moallim Fiqi និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ចំណាត់ការបែបនេះ ផ្អែកលើរបាយការណ៍ដែលអាចទុកចិត្តបាន និងភ័ស្តុតាងបង្ហាញថា ការអនុវត្តពាក់ព័ន្ធជាមួយអារ៉ាប់រួមនឹងធ្វើឲ្យអន្តរាយដល់សាធារណរដ្ឋសូម៉ាលី ឯកភាពជាតិ និងឯករាជ្យនយោបាយ ។ ពុំមានការធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីអារ៉ាប់រួម ។
លោក Abdinor Dahir គឺជាអ្នកវិភាគឯករាជ្យមួយរូបរបស់សូម៉ាលី និយាយថា ការប្រកាសរបស់សូម៉ាលីបែបនេះ ទំនងជាទាក់ទងនឹងការទទួលស្គាល់ដែនដី Somaliland ពីសំណាកអ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំ ២០២៥ថា ជាតំបន់ឯករាជ្យប្រកាសដោយខ្លួនឯង ស្ថិតនៅភាគពាយ័ព្យសូម៉ាលីដែលបានផ្តាច់ខ្លួនកាលពីឆ្នាំ ១៩៩១ ប៉ុន្តែខ្វះខាតការទទួលស្គាល់អន្តរជាតិ ។
លោក Dahir និយាយប្រាប់កាសែត Al Jazeera ថា ពលរដ្ឋសូម៉ាលីភាគច្រើនមានជំនឿថា អារ៉ាប់រួមបានសម្របសម្រួលការទទួលស្គាល់របស់អ៊ីស្រាអែលចំពោះដែនដី Somaliland ៕