
សហរដ្ឋអាមេរិក បានចោទប្រកាន់ការឡើងកម្តៅភាពតានតឹងដ៏គ្រោះថ្នាក់ និងពុំអាចពន្យល់បានរបស់រុស្ស៊ីនៃសង្រ្គាមរយៈពេលជិត ៤ឆ្នាំរបស់ពួកគេនៅអ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ព្យាយាមជំរុញកិច្ចចរចាឆ្ពោះទៅរកសន្តិភាព ។
សហរដ្ឋអាមេរិកបានចេញការព្រមានចុងក្រោយកាលពីថ្ងៃចន្ទ អំឡុងជំនួបបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ។
លោក Tammy Bruce គឺជាឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅ UN បាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខថា សកម្មភាពរបស់រុស្ស៊ី បង្កហានិភ័យនៃការពង្រីក និងបង្កើនសង្រ្គាម ។
សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភចំពោះការប្រើប្រាស់របស់រុស្ស៊ីនូវមីស៊ីលបាលីស្ទិកសមត្ថភាពនុយក្លេអ៊ែរ Oreshnik កាលពីសប្តាហ៍មុន ដែលបង្កឲ្យមានគ្រោះថ្នាក់យ៉ាងច្រើននៅអ៊ុយក្រែន ។
លោក Bruce និយាយថា នៅពេលសំខាន់ដ៏ចាំបាច់នេះ ដោយសារការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Trump ចំពោះសន្តិភាពនៅជុំវិញពិភពលោក ភាគីទាំង ២ គួរស្វែងរកវិធីសាស្រ្តបន្ធូរបន្ថយភាពតានតឹង ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះ រុស្ស៊ីបានបើកការវាយប្រហារជុំថ្មីលើទីក្រុងភាគឦសាន Kharkiv របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៤នាក់ និងមនុស្ស ៦នាក់ផ្សេងទៀត រងរបួស ៕