
អ៊ីរ៉ាក់ បានរៀបចំការដឹកជញ្ជូនជំនួយស្បៀងអាហារ ទៅសង្រ្គោះជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ។ កម្មករនាំគ្នាលើកប្រអប់ជំនួយដាក់លើយន្តហោះកងទ័ពអាកាសអ៊ីរ៉ាក់ ដែលនឹងធ្វើដំណើរទៅកាន់ទីក្រុង Al-Arish ប្រទេសអេហ្ស៊ីប ជាទីដែលជំនួយនឹងធ្វើការសំចតលើកដំបូង ។
លោកឧត្តមសេនីយ៍ឯក Tahsin al-Khafaji និយាយថា នេះគឺជាការដឹកជញ្ជូនដំបូងក្នុងចំណោមការដឹកជញ្ជូនជាច្រើនទៀត ទៅកាន់មនុស្សរបស់ពួកយើង ហើយតាមបំណងរបស់ព្រះ ពួកយើងតែងតែជាប្រភពនៃការគាំទ្រ និងជំនួយដល់មនុស្សរបស់ពួកយើងនៅតំបន់ហ្កាហ្សា ។
យោងតាមការអះអាងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ បានឲ្យដឹងថា ជំនួយស្បៀងអាហារទម្ងន់ ១២តោន ត្រូវបានលើកដាក់លើយន្តហោះនៅមូលដ្ឋានយោធា Martyr Mohammed Alaa ។
ក្រុមតាមដានភាពអត់ឃ្លានសកល(IPC) និយាយកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ថា លែងមានគ្រោះទុរ្ភិក្សទៀតហើយនៅតំបន់ហ្កាហ្សា ក្រោយការចូលដល់ស្បៀងអាហារ និងជំនួយមនុស្សធម៌ល្អប្រសើរឡើង បន្ទាប់ពីមានបទឈប់បាញ់ ។
ការវាយតម្លៃចុក្រោយរបស់ IPC បានកើតមានឡើង រយៈពេល ៤ខែក្រោយគេរាយការណ៍ថា មនុស្ស ៥១៤.០០នាក់ ដែលស្មើនឹងជិត ១ភាគ ៤នៃជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្រ្ទីប បានជួបគ្រោះទុរ្ភិក្ស គឺជាការរកឃើញមួយ ត្រូវបានច្រានចោលដោយអ៊ីស្រាអែល ប៉ុន្តែក្រុមតាមដានភាពអត់ឃ្លានមួយនេះ បានព្រមានថា ស្ថានភាពក្នុងតំបន់ហ្កាហ្សា នៅតែធ្ងន់ធ្ងរដដែល ។
ទីភ្នាក់ងារមនុស្សធម៌ និយាយថា ជំនួយច្រើនជាងនេះ ត្រូវការទៅដល់តំបន់ដែលមានមនុស្សរស់នៅច្រើនកុះករ ហើយអ៊ីស្រាអែលនៅតែរារាំងសម្ភារៈត្រូវការចាំបាច់ ពីការចូលទៅដល់តំបន់ឡោមព័ទ្ធមួយនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលនិយាយថា ជំនួយគ្រប់គ្រាន់ បានចូលទៅក្នុងតំបន់ហ្កាហ្សា ហើយបញ្ហាកើតមានជាមួយការចែកចាយជំនួយនៅក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះ ៕