បាល់ទាត់៖ ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich បានបំបាក់ក្រុមភ្ញៀវអូទ្រីស Red Bull Salzburg ៧-១ និងសរុបទាំងពីរជើង ៨-២ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League។

ប្រធានក្រុមជំរើសជាតិប៉ូឡូញរូបនេះបានចូលលេងប្រកួតទី ១០០ របស់ខ្លួននៅ UCL ហើយក៏រកបានបីគ្រាប់ម្នាក់ឯងត្រឹម ២៣នាទីដំបូងរួមមាននាទីទី១២, ២១ និង ២៣។ នេះជាលើកដំបូងហើយដែលនៅក្របខណ្ឌ UEFA Champions League តាំងពីឆ្នាំ២០១១ ដែល Hat-Trick សំរេចបានលឿនបំផុត តែកំណត់ត្រា Hat-Trick លឿនបំផុតនៅតែគ្រប់គ្រងដោយ Bafetimbi Gomis ដដែល ដែលធ្វើបាន Hat-Trick ត្រឹមពេល ៨នាទីនៅពេល Lyon យកឈ្នះ Dinamo Zagreb នៅឆ្នាំ២០១១។

ដោយឡែកបួនគ្រាប់ផ្សេងទៀតរបស់ Bayern Munich ធ្វើបានដោយ Serge Gnabry ១គ្រាប់, Thomas Muller ២គ្រាប់ និង Leroy Sane ១គ្រាប់ ខណៈក្រុមភ្ញៀវ Salzburg បានមួយគ្រាប់ដែរនៅនាទីទី៧០ ដោយ Maurits Kjaergaard។ បរាជ័យនេះដែរក៏បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមអូទ្រីស Red Bull Salzburg ដែលចង់ក្លាយជាក្លិបអូទ្រីសទី១ ឡើងវគ្គ ៨ក្រុមចុងក្រោយដែលខកខានតាំងពីឆ្នាំ១៩៨៥៕
អត្ថបទ៖នាង សុភាវុធ