ក្រុមសិទ្ធិមនុស្សមួយបាននិយាយថា មនុស្សជាង ២.០០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបង្ក្រាបដោយហិង្សាដោយកងកម្លាំងសន្តិសុខលើការតវ៉ានៅអ៊ីរ៉ង់ ខណៈលោកប្រធានាធិបតី Trump បានសន្យាជាមួយប្រជាជនអ៊ីរ៉ង់ថា ជំនួយជិតទៅដល់ហើយ។

ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថា រហូតមកដល់ពេលនេះ ខ្លួនបានបញ្ជាក់ពីការស្លាប់របស់អ្នកតវ៉ាចំនួន១.៨៥០នាក់ អ្នកមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ១៣៥នាក់ និងជនស៊ីវិលដែលមិនពាក់ព័ន្ធចំនួន៩នាក់ ក៏ដូចជាកុមារ៩នាក់ ក្នុងការតវ៉ារយៈពេលជាង១៧ថ្ងៃចុងក្រោយនេះ ទោះបីជាមានការដាច់អ៊ីនធឺណិតក៏ដោយ។
មន្ត្រីអ៊ីរ៉ង់ម្នាក់ក៏បានប្រាប់សារព័ត៌មាន Reuters ផងដែរថា មនុស្ស២.០០០នាក់ ត្រូវបានសម្លាប់ ប៉ុន្តែបានដាក់ការស្តីបន្ទោសទៅលើក្រុមភេរវករ ថាជាអ្នកបង្កភាពចលាចលនេះ។
លោក Trump គ្រោយចូលរួមកិច្ចប្រជុំមួយអំពីប្រទេសអ៊ីរ៉ង់នៅល្ងាចថ្ងៃអង្គារពេលវេលានៅអាមេរិក ហើយបានសន្យាថានឹងទទួលបានតួលេខចំនួនអ្នកស្លាប់ត្រឹមត្រូវ។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាន ខណៈកំពុងត្រឡប់ទៅសេតវិមានវិញថា ការសម្លាប់នេះហាក់ដូចជាមានច្រើនណាស់ ប៉ុន្តែពួកលោកពុំទាន់ដឹងច្បាស់នៅឡើយទេ។
កាលពីថ្ងៃអង្គារ លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថាក្រុម អាជ្ញាធរអ៊ីរ៉ង់នឹងសងរាល់ការបាត់បង់យ៉ាងធំធេងចំពោះការសម្លាប់ទាំងនោះ ហើយបានជំរុញឱ្យប្រជាជនបន្តតវ៉ា៕

