បាល់ទាត់៖ ក្លិបបាល់ទាត់ម៉ិកស៊ិក Queretaro ត្រូវបានពិន័យប្រកួតក្នុងទឹកដីរបស់ខ្លួនពេញមួយឆ្នាំ ដោយគ្មានអ្នកគាំទ្រចូលទស្សនា បន្ទាប់ពីអំពើហិង្សាពេលជួបជាមួយ Atlas កាលពីថ្ងៃសៅរ៍។ យ៉ាងហោចណាស់មានមនុស្ស ២២នាក់របួសក្នុងហេតុការជម្លោះរវាងអ្នកគាំទ្រ និងអ្នកគាំទ្រអំឡុងការប្រកួតបាល់ទាត់លីគកំពូលម៉ិកស៊ិក កាលពីចុងសប្តាហ៍កន្លងទៅ។

ក្រៅពីការពិន័យខាងលើ អ្នកគាំទ្ររបស់ក្លិប Queretaro ក៏ត្រូវពិន័យបន្ថែមមិនឱ្យទៅទស្សនាការប្រកួតក្រៅដី ៣ឆ្នាំផងដែរ។ ការប្រកួតក្របខណ្ឌ Liga MX រវាង Queretaro និង Atlas ត្រូវបានផ្អាកត្រឹមនាទីទី៦៣ នៅពេលអ្នកគាំទ្រក្រុមទាំងពីរផ្ទុះកំហឹង ឈានដល់អំពើហិង្សាមកដល់លើទីលាននៃកីឡដ្ឋាន La Corregidora។ ក្រុមភ្ញៀវ Atlas នាំមុខ ១-០ នៅពេលដែលការប្រកួតត្រូវបានផ្អាកនោះ៕
អត្ថបទ៖នាង សុភាវុធ