ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃអង្គារ (១៣ មករា) ថា ក្តីសង្ឃឹមរបស់កូរ៉េខាងត្បូង សម្រាប់ការកែលម្អទំនាក់ទំនង គឺជាការស្រមើស្រមៃមួយប៉ុណ្ណោះ ដែលមិនអាចក្លាយជាការពិតបានឡើយ។

ការរិះគន់របស់ស្រ្តីដ៏មានឥទ្ធិពលរូបនេះ ដែលមានតួនាទីជានាយិកានៃគណបក្សកាន់អំណាចកូរ៉េខាងជើង សំដៅលើការអត្ថាធិប្បាយមួយ ដែលធ្វើឡើងដោយមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូបកាលពីថ្ងៃអង្គារ។ មន្រ្តីកូរ៉េខាងត្បូងរូបនេះបាននិយាយថា ទីក្រុងសេអ៊ូល បានមើលឃើញឱកាសនៃការចរចាឡើងវិញជាមួយទីក្រុងព្យុងយ៉ាង ដោយផ្អែកលើប្រតិកម្មថ្មីៗនេះរបស់លោកស្រី គីម យ៉ូជុង ចំពោះឧប្បត្តិហេតុយានដ្រូនជ្រៀតចូលដែនអាកាសកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានដកស្រង់សម្តី លោកស្រី គីម យ៉ូជុង ដែលនិយាយថា «សរុបមក ការរំពឹងទុករបស់ពួកគេបានខុសឆ្គងរួចទៅហើយ»។ លោកស្រីបន្តថា៖ «សុបិនដ៏ផ្ដេសផ្ដាសដែលពោរពេញដោយក្ដីសង្ឈឹមផ្សេងៗជាច្រើនរបស់ទីក្រុងសេអ៊ូល ដែលគេហៅថា «ការជួសជុលទំនាក់ទំនង (ខាងជើង-ខាងត្បូង)» គឺសុទ្ធតែមិនអាចក្លាយជាការពិតបានទេ»។
គួរឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង កំពុងតែស្វះស្វែងកែលម្អចំណងមិត្តភាពជាមួយទីក្រុងព្យុងយ៉ាង ប៉ុន្តែរហូតមកដល់ពេលនេះ សំណើរបស់ខ្លួនត្រូវបានប្រទេសជិតខាងមួយនេះបដិសេធជាប់រហូត៕
