រដ្ឋអាជ្ញាប្រទេសកូរ៉េខាងត្បូង បានអំពាវនាវកាលពីថ្ងៃអង្គារ ទី១៣ ខែមករា ឱ្យមានការកាត់ទោសប្រហារជីវិតអតីតប្រធានាធិបតី លោក Yoon Suk Yeol ចំពោះការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងភាពវឹកវរ។

លោក Yoon បានបង្កឱ្យមានវិបត្តិនយោបាយនៅពេលលោកបានប្រកាសបញ្ចប់ការគ្រប់គ្រងស៊ីវិលនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ហើយបានបញ្ជូនកងទ័ពទៅកាន់សភាដើម្បីអនុវត្ត។ ប៉ុន្តែការប៉ុនប៉ងរបស់លោក បានបរាជ័យ ហើយលោកបានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេរបស់ប្រទេសដែលត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំង កាលពីខែមករា ឆ្នាំមុន។

ការជម្រះក្តីបទព្រហ្មទណ្ឌរបស់លោក Yoon ចំពោះការបះបោរ ការរំលោភអំណាច និងករណីផ្សេងទៀតទាក់ទងនឹងសេចក្តីប្រកាសនេះ បានឈានដល់ទីបញ្ចប់កាលពីថ្ងៃអង្គារបន្ទាប់ពីដំណើរការរយៈពេល១១ ម៉ោង។ នៅក្នុងសុន្ទរកថាបិទបញ្ចប់ រដ្ឋអាជ្ញាបានចោទប្រកាន់លោកថាជាមេដឹកនាំនៃ «ការបះបោរ» ដែលជំរុញដោយ «មហិច្ឆតាចង់បានអំណាចក្នុងគោលបំណងផ្តាច់ការ និងការគ្រប់គ្រងរយៈពេលវែង»។
រដ្ឋអាជ្ញាបានចោទប្រកាន់លោក Yoon ថាបង្ហាញពី «ការមិនសោកស្តាយ» ចំពោះសកម្មភាពដែលគំរាមកំហែងដល់ «សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ» ហើយ «ជនរងគ្រោះធំបំផុតនៃការបះបោរក្នុងករណីនេះគឺប្រជាជនរបស់ប្រទេសនេះ»។