ប្រជាជនគុយបាជាច្រើន មានការព្រួយបារម្ភថាពួកគេអាចនឹងត្រូវស្ថិតក្នុងភាពងងឹត បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសន្យាថានឹងកាត់ផ្តាច់ប្រេងរបស់វ៉េណេស៊ុយអេឡាមិនឲ្យទៅដល់ប្រទេសគុយបា។ ប្រទេសវ៉េណេស៊ុយអេឡា ធ្លាប់ជាអ្នកផ្គត់ផ្គង់កំពូលរបស់ប្រទេសគុយបា។ ប៉ុន្តែយោងតាមទិន្នន័យដឹកជញ្ជូន និងឯកសារផ្ទៃក្នុងពីក្រុមហ៊ុនប្រេងនិងឧស្ម័នគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសវ៉េណេស៊ុយអេឡាបានឲ្យដឹងថា ក្រុមហ៊ុននេះមិនបានបញ្ជូនប្រេងឆៅ ឬប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា រយៈពេលប្រហែលមួយខែមកហើយ។

នោះគឺដោយសារតែការបិទផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក សូម្បីតែនៅមុនពេលចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡាលោក Nicolas Maduro ។ ប្រជាជនគុយបាមួយចំនួននិយាយថា បើគ្មានប្រេងឥន្ធនៈទេ ជីវិតប្រចាំថ្ងៃនឹងកាន់តែលំបាក។

ប្រជាជននិយាយថា «តើនឹងមានអ្វីកើតឡើង? ប្រសិនបើលោក Donald Trump មិនអនុញ្ញាតឱ្យប្រេងឥន្ធនៈចូលទៅក្នុងប្រទេសគុយបា យើងនឹងគ្មានប្រេងឥន្ធនៈសូម្បីតែសម្រាប់បំភ្លឺ។ យើងនឹងស្ថិតនៅក្នុងភាពងងឹតជាមួយកូនៗដែលត្រូវការជំនួយ។
ភាពតានតឹងកំពុងកើនឡើងយ៉ាងឆាប់រហ័សរវាងសហរដ្ឋអាមេរិក និងប្រទេសគុយបា។
នៅក្នុងការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គមកាលពីពេលថ្មីៗនេះ លោក Trump បាននិយាយថា លែងមានប្រេងឬប្រាក់របស់វ៉េណេស៊ុយអេឡាចូលទៅប្រទេសគុយបាទៀតហើយ បន្ទាប់ពីការចាប់ខ្លួនលោក Maduro។
រហូតមកដល់ពេលនេះ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់លោកនឹងឈរយ៉ាងរឹងមាំប្រឆាំងនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក។