អាជ្ញាធរប្រទេសអ៊ុយហ្គង់ដា បានកាត់ផ្តាច់ដំណើរការប្រើប្រាស់អ៊ីនធឺណិត និងកំណត់សេវាទូរស័ព្ទចល័តនៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ ទី១៣ ខែមករា ពីរថ្ងៃមុនការបោះឆ្នោតដែលប្រធានាធិបតី លោក Yoweri Museveni នឹងឈរឈ្មោះសម្រាប់អាណត្តិទីប្រាំពីរដ៏ចម្រូងចម្រាស បន្ទាប់ពីកាន់អំណាចរយៈពេលបួនទសវត្សរ៍។

គណៈកម្មការទំនាក់ទំនងរបស់ប្រទេសអ៊ុយហ្គង់ដា បានបង្គាប់ឱ្យអ្នកផ្តល់សេវាទូរស័ព្ទចល័ត បិទការតភ្ជាប់បណ្តាញអ៊ីនធឺណិតសាធារណៈចាប់ពីម៉ោង៦ល្ងាច ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារ ដើម្បីទប់ស្កាត់ «ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ការក្លែងបន្លំក្នុងការបោះឆ្នោត និងហានិភ័យពាក់ព័ន្ធ» នេះបើយោងតាមលិខិតមួយដែលបានឃើញដោយសារព័ត៌មាន Reuters។

កងកម្លាំងសន្តិសុខ បានឃុំខ្លួនអ្នកគាំទ្រគណបក្សប្រឆាំងរាប់រយនាក់ក្នុងអំឡុងពេលចុងក្រោយឈានដល់ការបោះឆ្នោត និងបានបាញ់គ្រាប់កាំភ្លើងជ័រនិងប្រើឧស្ម័នបង្ហៀរទឹកភ្នែកនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការ ដែលគាំទ្រគូប្រជែងឈានមុខរបស់លោក Museveni គឺតារាចម្រៀងប៉ុប លោក Bobi Wine។
យោងតាមអ្នកវិភាគនយោបាយបានឲ្យដឹងថា លោក Museveni អាយុ៨១ ឆ្នាំ បានឡើងកាន់អំណាចក្នុងឆ្នាំ១៩៨៦ បន្ទាប់ពីដឹកនាំការបះបោរ ជាប្រមុខរដ្ឋដែលកាន់អំណាចយូរបំផុតទីបីរបស់ទ្វីបអាហ្វ្រិក។
រដ្ឋាភិបាលប្រទេសអ៊ុយហ្គង់ដា កាលពីថ្ងៃទី ២២ ខែធ្នូ បានច្រានចោលការអះអាងថា ខ្លួនមានគម្រោងបិទអ៊ីនធឺណិតក្នុងអំឡុងពេលបោះឆ្នោតថ្ងៃទី ១៥ ខែមករា ដោយនិយាយថារបាយការណ៍បែបនេះគឺ «មិនពិត និងធ្វើឲ្យយល់ច្រឡំ»។