ឧត្តរមានជ័យ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ រួមជាមួយនឹង ឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ បានចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ និងទីតាំងសាធារណៈ ឯកជន ផ្ទះសំបែងពលរដ្ឋរងផលប៉ះពាល់ដោយការវាយប្រហារពីកងទ័ពថៃ។
លោក ម៉េត មាសភក្តី បានឱ្យដឹងថា ដំណើរការចុះពិនិត្យរបស់ក្រុម AOT ថ្ងៃនេះ គឺបានចុះទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង និងទីតាំងសាធារណៈ ទីតាំងឯកជន ផ្ទះសំបែងប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងយោធាថៃនាពេលកន្លងមក។
លោកអភិបាលរងបានឱ្យដឹងថា៖«បន្ទាប់ពីបានពិនិត្យវាយតម្លៃជាក់ស្តែងរបស់ក្រុម AOT ខ្ញុំបានស្នើសុំឱ្យក្រុមការងារនេះ ពាំនាំស្ថានភាពពិតនៃការវាយប្រហារ ក៏ដូចជាការរងគ្រោះ ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌»៕



















