ក្រុមអ្នកវិទ្យាសាស្ត្រសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃពុធ (១៤ មករា) នេះថា ភពផែនដីបានជួបប្រទះនឹងឆ្នាំដែលមានអាកាសធាតុក្តៅបំផុតទីបីរបស់ខ្លួនក្នុងកំណត់ត្រា គឺឆ្នាំ២០២៥ ហើយសីតុណ្ហភាពជាមធ្យមនៃការឡើងកម្ដៅផែនដី បានលើសពី ១,៥អង្សាសេ ក្នុងពេល ៣ឆ្នាំកន្លងមកនេះ ដែលជារយៈពេលវែងបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមមក។

ទិន្នន័យពីមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការព្យាករអាកាសធាតុកម្រិតមធ្យម (ECMWF) របស់សហភាពអឺរ៉ុប បានរកឃើញថា រយៈពេល ៣ឆ្នាំចុងក្រោយនេះ គឺជាពេល ៣ឆ្នាំដែលក្តៅបំផុតរបស់ភពផែនដី ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមមក ដោយឆ្នាំ២០២៥ ត្រជាក់ជាងឆ្នាំ២០២៣ ត្រឹមតែ ០,០១ អង្សាសេប៉ុណ្ណោះ។ ជារួម ឆ្នាំ២០២៤ ជាឆ្នាំក្ដៅបំផុតទី១ ឆ្នាំ២០២៣ ជាឆ្នាំក្ដៅបំផុតទី២ ខណៈឆ្នាំ២០២៥ កន្លងទៅ ឈរនៅលេខរៀងទី៣។

សេវាអាកាសធាតុជាតិរបស់ចក្រភពអង់គ្លេស បានបញ្ជាក់នៅថ្ងៃពុធនេះថា ទិន្នន័យរបស់ខ្លួនក៏ចាត់ថ្នាក់ឆ្នាំ២០២៥ ថាជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុតទីបីផងដែរក្នុងកំណត់ត្រា គិតចាប់តាំងពីឆ្នាំ១៨៥០ មក។ អង្គការឧតុនិយមពិភពលោក WMO នឹងចេញផ្សាយតួលេខសីតុណ្ហភាពរបស់ខ្លួននៅពេលក្រោយ នាថ្ងៃពុធដដែលនេះ។

ក្រុមអ្នកស្រាវជ្រាវ បានលើកឡើងពីការបន្តដុតឥន្ធនៈហ្វូស៊ីល - មានដូចជា ប្រេង ឧស្ម័ន និងធ្យូងថ្ម - ដែលបានបញ្ជូនឧស្ម័នផ្ទះកញ្ចក់ចូលទៅបរិយាកាស ដោយធ្វើឱ្យភពផែនបន្តដីឡើងកម្ដៅឥតឈប់ឈរ។ អ្នកវិទ្យាសាស្រ្តព្រមានថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យខូចខាតសេដ្ឋកិច្ចរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕