ពេញមួយថ្ងៃ ក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំរៀបចំកែសម្រួលការរៀបចំ ការប្រព្រឹត្តទៅ និងរចនាសម្ព័ន្ធអង្គភាពចំណុះក្រសួង ស្ថាប័នចំនួន៤ម្តងមួយៗដាច់ដោយឡែក តាមរយៈការជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសក្រសួង។ កិច្ចប្រជុំនីមួយៗ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
ក្រសួងទាំង៤ ដែលបានជួបពិភាក្សាបន្តរៀបចំនាពេលនេះមាន (១)ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (២)ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (៣)ក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង (៤)ក្រសួងផែនការ។
កិច្ចប្រជុំនីមួយៗ គឺការពិភាក្សាកម្រិតបច្ចេកទេសលើកចុងក្រោយក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទាំង៤ ឱ្យទទួលបានទស្សនមតិរួម មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ឈរលើអភិក្រមរបស់សម្តេចធិបតី «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។
មុននឹងបញ្ចប់ ឯកឧត្តមប្រចាំការ បានបញ្ជាក់ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការងាររបស់ក្រសួងមុខងារសាធារណៈម្នាក់ឯងនោះទេ គឺជាការងាររបស់ក្រសួង ស្ថាប័នទាំងអស់។ ដូច្នេះ ការគាំទ្ររបស់ក្រសួង ស្ថាប័ន គឺមិនគ្រប់គ្រាន់ទេ តែត្រូវការការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជាចុងក្រោយ ឯកឧត្តមប្រចាំការ បានស្នើ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័ន និងបន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម ព្រមទាំងពង្រឹងនូវកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើររវាងគ្នាទៅវិញទៅមក៕







