លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ UN បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីការកើនឡើងនូវវោហាសាស្ត្របែបយោធាជុំវិញស្ថានភាព នៅក្នុងប្រទេសអ៊ីរ៉ង់។
លោក Dujarric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានស៊ីនហួថា៖ «ជាការពិតណាស់ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃវោហាសាស្ត្របែបយោធា ដែលយើងកំពុងឃើញជុំវិញស្ថានភាពនៅអ៊ីរ៉ង់»។

លោកបានលើកឡើងថា៖«វាជាការចាំបាច់ណាស់ដែលរដ្ឋជាសមាជិក (អង្គការសហប្រជាជាតិ) ទាំងអស់ជំរុញការទូតជាជាងវោហាសាស្ត្រយោធា»។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកបានលុបចោល «កិច្ចប្រជុំទាំងអស់» ជាមួយមន្ត្រីអ៊ីរ៉ង់ មួយថ្ងៃបន្ទាប់ពីលោកបានប្រកាសថា ប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ នឹងបង់ពន្ធគយ ២៥ % លើអាជីវកម្មណាមួយដែលធ្វើឡើងជាមួយសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ មន្ទីរបញ្ចកោណកំពុងបង្ហាញលោក ត្រាំ នូវ «ជម្រើសវាយប្រហារយ៉ាងទូលំទូលាយ» លើ អ៊ីរ៉ង់ជាងការរាយការណ៍ពីមុន។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយកាសែត The New York Times កាលពីថ្ងៃចន្ទ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera កាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ប៉ុន្តែនៅតែបើកចំហសម្រាប់ការចរចា បន្ទាប់ពីលោក ត្រាំ បាននិយាយថា យោធាសហរដ្ឋអាមេរិកកំពុងពិចារណាលើ «ជម្រើសដ៏រឹងមាំបំផុត» ទាក់ទងនឹងប្រទេសអ៊ីរ៉ង់៕
