អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មានជនស៊ីវិលរាប់សិបនាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ ត្រូវផ្លាស់ទីលំនៅ ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង នៅទូទាំងប្រទេស ស៊ូដង់ រួមទាំងរដ្ឋ North Darfur ខណៈដែលខ្លួនបានព្រមានអំពីវិបត្តិមនុស្សធម៌ និងអាហារូបត្ថម្ភកាន់តែអាក្រក់ឡើងៗ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានលើកឡើងថា របាយការណ៍ក្នុងស្រុកបានបង្ហាញថា យ៉ាងហោចណាស់ជនស៊ីវិល ១៩នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលវាយប្រហារថ្មើរជើងកាលពីថ្ងៃចន្ទ នៅក្នុងតំបន់ Jirjir នៃរដ្ឋ North Darfur។
នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ ជនស៊ីវិល ១០នាក់ ត្រូវបានសម្លាប់ និង ៩នាក់ រងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនលើទីក្រុង Sinja ដែលជារដ្ឋធានីនៃរដ្ឋ Sennar។ នេះបើយោងតាម បណ្តាញគ្រូពេទ្យស៊ូដង់។

លោក Dujarric បាននិយាយថា អង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីគ្រោះថ្នាក់ជាបន្តបន្ទាប់ចំពោះជនស៊ីវិល និងចំនួនជនភៀសខ្លួន កាន់តែច្រើនឡើង ខណៈដែលការប្រយុទ្ធគ្នារីករាលដាលដល់តំបន់ជាច្រើននៃប្រទេសនេះ។
លោកបានបន្ថែមថា៖«អំពើហិង្សានៅតែបន្តជំរុញឲ្យមនុស្សចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយវាត្រូវតែបញ្ឈប់»។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប៉ាន់ប្រមាណថា មនុស្សជាង ៨.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ កាលពីថ្ងៃសុក្រ ពីភូមិមួយចំនួននៅក្បែរតំបន់ Kernoi ក្នុងរដ្ឋ North Darfur។ លោក Dujarric បាននិយាយថា អ្នកខ្លះបានភៀសខ្លួនទៅកាន់តំបន់ផ្សេងទៀតនៃរដ្ឋនេះ ហើយអ្នកផ្សេងទៀតបានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសឆាដ ដើម្បីស្វែងរកការជ្រកកោន ដោយធ្វើឲ្យស្ថានភាពមនុស្សធម៌ដែលផុយស្រួយរួចទៅហើយ កាន់តែតានតឹងថែមទៀត៕
