អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងទូលំទូលាយនៅតែបន្ត ដើម្បីធានាការដោះលែងជាបន្ទាន់នូវបុគ្គលិកUN រាប់សិបនាក់ ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ ដោយកងជីវពលហ៊ួទី នៅក្នុងប្រទេសយេម៉ែន។
កិច្ចប្រឹងប្រែងនេះ បានកើតឡើង នៅពេលដែលប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមគឺលោក Hans Grundberg បានធ្វើការចរចា នៅក្នុងតំបន់ដែលមានគោលបំណងស្តារដំណើរការនយោបាយឡើងវិញ ដើម្បីបញ្ចប់ជម្លោះនេះ។

អ្នកនាំពាក្យUN ម្នាក់បាននិយាយថា លោកបានជួបជាមួយមន្ត្រីជាន់ខ្ពស់អូម៉ង់នៅទីក្រុង Muscat កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗ នៅក្នុងប្រទេសយេម៉ែន និងបរិបទតំបន់កាន់តែទូលំទូលាយ។ ប្រទេសអូម៉ង់បានដើរតួនាទីសម្របសម្រួលដ៏សំខាន់ក្នុងអំឡុងពេលជម្លោះ នៅក្នុងប្រទេសយេម៉ែន។
លោក Grundberg ក៏បានជួបជាមួយលោក Mohammed Abdul Salam ប្រធានអ្នកចរចាសម្រាប់ក្រុមហ៊ួទី ដើម្បីពិភាក្សាអំពីផ្លូវសម្រាប់ការសន្ទនានយោបាយ។
បញ្ហាបុគ្គលិកUN ដែលត្រូវបានឃុំខ្លួនបានបង្ហាញយ៉ាងលេចធ្លោនៅក្នុងកិច្ចប្រជុំ។ អង្គការសហប្រជាជាតិបាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចចរចា លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការរក្សាការជំរុញឲ្យមាន ការដោះលែងអ្នកជាប់ឃុំដែលទាក់ទងនឹងជម្លោះ ដោយបន្តពីការពិភាក្សាដែលបានធ្វើឡើង នៅទីក្រុង Muscat កាលពីខែធ្នូ៕
