លោក Majed bin Mohammed al-Ansari ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរកាតាបានចាត់វិធានការចាំបាច់ ដើម្បីធានាសន្តិសុខរបស់ប្រជាជនរបស់ប្រទេសនេះ ចំពេលមានស្ថានភាពតានតឹងជុំវិញប្រទេសអ៊ីរ៉ង់។
លោកបាននិយាយក្នុងការឆ្លើយតបនឹងសំណួរមួយអំពីវិធានការសន្តិសុខទាក់ទងនឹងការគំរាមកំហែងទៅវិញទៅមករបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ថា៖«ចំពោះការការពារជាតិរបស់យើង ដូចជាក្នុងករណីមានការកើនឡើងភាពតានតឹង ឬជម្លោះក្នុងតំបន់ណាមួយ រដ្ឋាភិបាលរបស់យើងបានចាត់វិធានការបង្ការចាំបាច់ទាំងអស់ ដើម្បីធានាថា សន្តិសុខរបស់ប្រជាពលរដ្ឋ និងប្រជាជនកាតា គឺជាអាទិភាពចម្បងរបស់មនុស្សគ្រប់គ្នា រួមទាំងក្រសួងការពារជាតិ និងក្រសួងផ្សេងទៀតផងដែរ»។

ក្នុងន័យនេះ អ្នកនាំពាក្យរូបនេះ បានចង្អុលបង្ហាញថា ទីក្រុងដូហា ចូលរួមក្នុងដំណើរការចរចា ដើម្បីដោះស្រាយស្ថានភាពជុំវិញប្រទេសអ៊ីរ៉ង់។ លោកបានបន្ថែមថា៖«យើងនៅតែស្ថិតក្នុងដំណាក់កាលមួយ ដែលយើងជឿថា ដំណោះស្រាយការទូត អាចត្រូវបានរកឃើញ។ នោះហើយជាមូលហេតុដែលយើងធ្វើការសហការដោយសម្ងាត់ជាមួយអ្នកពាក់ព័ន្ធក្នុងតំបន់ទាំងអស់»។ លោក Al-Ansari បានបញ្ជាក់ថា លោកមិនអាចលើកឡើងពីគំនិតផ្តួចផ្តើមជាក់លាក់ណាមួយ នៅពេលនេះបានទេ ប៉ុន្តែបានអះអាងថា «កិច្ចពិភាក្សា និងការសន្ទនាតាមទូរស័ព្ទ កំពុងបន្ត»។
ភាពចលាចលនៅទីក្រុងតេអេរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបង្កឡើង ដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់រីអាល់អ៊ីរ៉ង់ ហើយបានរីករាលដាលដល់ទីក្រុងធំៗ ភាគច្រើន៕
