នៅថ្ងៃពុធ (១៤ មករា) នេះ ប្រទេសចិន បានរាយការណ៍ពីអតិរេកពាណិជ្ជកម្មរបស់ខ្លួនក្នុងកម្រិតកំណត់ត្រាជិត ១,២ សែនកោដិដុល្លារ ក្នុងឆ្នាំ ២០២៥ ដែលដឹកនាំដោយការនាំចេញដ៏រីកចម្រើនទៅកាន់ទីផ្សារមិនមែនសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនផលិតនានា បានសម្លឹងមើលការកសាងមាត្រដ្ឋានសកល ដើម្បីទប់ទល់នឹងសម្ពាធជាប់លាប់ពីរដ្ឋបាលអាមេរិក។

អ្នកបង្កើតគោលនយោបាយនៅទីក្រុងប៉េកាំង បានជំរុញឱ្យក្រុមហ៊ុនចិន ធ្វើពិពិធកម្មហួសពីទីផ្សារអាមេរិក ដោយការផ្លាស់ប្តូរការផ្តោតទៅកាន់អាស៊ីអាគ្នេយ៍ អាហ្វ្រិក និងអាមេរិកឡាទីន នៅក្នុងជំហានមួយដែលបានជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនប្រឆាំងនឹងពន្ធគយរបស់សហរដ្ឋអាមេរិក ចាប់តាំងពីលោកប្រធានាធិបតី Donald Trump បានត្រឡប់ទៅសេតវិមានវិញកាលពីឆ្នាំមុន។
ទិន្នន័យគយចិន បានបង្ហាញនៅថ្ងៃពុធនេះថា អតិរេកពាណិជ្ជកម្មពេញមួយឆ្នាំ២០២៥ របស់មហាអំណាចផលិតកម្មនេះ មានចំនួន ១,១៨៩ សែនកោដិដុល្លារ ដែលជាតួលេខស្មើនឹងផលិតផលក្នុងស្រុកសរុប (GDP) មួយរបស់សេដ្ឋកិច្ចកំពូលទាំង២០ នៅទូទាំងពិភពលោក ដូចជាអារ៉ាប៊ីសាអ៊ូឌីតជាដើម។
ទិន្នន័យបានឱ្យដឹងទៀតថា ការដឹកជញ្ជូនចេញពីប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ បានកើនឡើង ៦,៦% គិតតាមតម្លៃក្នុងខែធ្នូ បើធៀបនឹងឆ្នាំ២០២៤ ខណៈខែវិច្ឆិកា បានមើលឃើញកំណើន ៥,៩%។ សេដ្ឋវិទូរំពឹងថា ចិន នឹងបន្តទទួលបានចំណែកទីផ្សារសកលកើនឡើងនៅឆ្នាំ២០២៦នេះ ដោយមានជំនួយពីក្រុមហ៊ុនចិន ដែលបង្កើតមជ្ឈមណ្ឌលផលិតកម្មនៅក្រៅប្រទេស ក្នុងជំហានមួយដែលផ្តល់សិទ្ធិផ្នែកពន្ធគយកាន់តែទាប ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

