រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានផ្សព្វផ្សាយពីការដោះលែងអ្នកទោសកាលពីពេលថ្មីៗនេះ ប៉ុន្តែអង្គការមិនមែនរដ្ឋាភិបាល Foro Penal បាននិយាយថា អ្នកទាំងឡាយដែលត្រូវបានដោះលែងនៅតែស្ថិតនៅក្រោមការរឹតត្បិតផ្លូវច្បាប់ ហើយមិនទាន់មានសេរីភាពពេញលេញនៅឡើយទេ ដោយសារតែសំណុំរឿងព្រហ្មទណ្ឌរបស់ពួកគេនៅតែបើកចំហ។ លោក Gonzalo Himiob សមាជិកស្ថាបនិកនៃអង្គការ Foro Penal បាននិយាយថា ក្រុមនេះបានពិនិត្យឡើងវិញនូវបទបញ្ជាដោះលែងមួយចំនួន ហើយបានរកឃើញថា «គ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានសេរីភាពទាំងស្រុងទេ»។

ក្រសួងសេវាពន្ធនាគារបាននិយាយថា អ្នកទោសចំនួន១១៦នាក់ត្រូវបានដោះលែង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ទោះបីជាក្រុមសិទ្ធិមនុស្សបានរាយការណ៍ពីចំនួនទាបជាងនេះក៏ដោយ។ អង្គការ Foro Penal បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនអាចបញ្ជាក់ពីការដោះលែងចំនួនត្រឹមតែ៥៦ នាក់។ លោក Himiob ក៏បានរិះគន់អ្វីដែលលោកចាត់ទុកថាកង្វះតម្លាភាពជុំវិញដំណើរការនេះ ដែលជំរុញឱ្យមានភាពអន្ទះសារក្នុងចំណោមសាច់ញាតិអ្នកជាប់ឃុំដែលកំពុងស្វែងរកព័ត៌មាន។
យោងតាមអង្គការ Foro Penal បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៨០០នាក់ ត្រូវបានឃុំខ្លួនជាអ្នកទោសនយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ រដ្ឋាភិបាលបានច្រានចោលថា ពុំមានអ្នកជាប់ឃុំឃាំងដោយសារហេតុផលនយោបាយនោះទេ។
