លោក Amir-Saeid Iravani តំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ប្រចាំUNបាននិយាយថា អ៊ីរ៉ង់អំពាវនាវដល់អង្គការសហប្រជាជាតិជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បោះបង់ចោលគោលនយោបាយបង្កអស្ថិរភាពរបស់ពួកគេប្រឆាំងនឹងទីក្រុងតេអេរ៉ង់៕

លោកបានកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស( Antonio Guterres) និងប្រធានក្រុមប្រឹក្សាសន្តិសុខ UN លោក Abukar Dahir Osman ថា៖«សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់អំពាវនាវជាបន្ទាន់ដល់អគ្គលេខាធិការ ក្រុមប្រឹក្សាសន្តិសុខ និងជាពិសេសសមាជិកដែលទទួលខុសត្រូវរបស់ខ្លួនឲ្យបំពេញកាតព្វកិច្ចផ្អែកលើធម្មនុញ្ញរបស់ពួកគេ ដោយថ្កោលទោសយ៉ាងច្បាស់លាស់ចំពោះទម្រង់នៃការញុះញង់ឲ្យមានអំពើហិង្សា ការគំរាមកំហែងប្រើប្រាស់កម្លាំង និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក ជំរុញឲ្យសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវគោលនយោបាយ និងការអនុវត្តបង្កអស្ថិរភាព និងគោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ និងព្រមានសហរដ្ឋអាមេរិកប្រឆាំងនឹងការគណនាខុសណាមួយ ដែលអាចកើតមានដើម្បីធ្វើសកម្មភាពឈ្លានពានយោធាណាមួយប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់»។
បេសកជនអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា៖«សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល ទទួលខុសត្រូវ ដោយផ្ទាល់ និងមិនអាចប្រកែកបាន ចំពោះការបាត់បង់ជីវិតជនស៊ីវិលស្លូតត្រង់ ជាពិសេសក្នុងចំណោមយុវជន»៕

