ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលខេត្តបាត់ដំបង បានចុះជួបដោយផ្ទាល់ជាមួយបងប្អូន ដែលកំពុងតាំងលំនៅមិនរៀបរយនៅតាមរបងវត្តកណ្តាល និងរបងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់បងប្អូន តម្រូវនិងលទ្ធភាពជីវភាពរបស់គាត់ និងក្នុងគោលដៅដោះស្រាយបញ្ហាសំណង់មិនរៀបរយ និងការផ្តល់លំនៅឋានសមរម្យជូនបងប្អូនប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ។
ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ក្រោមការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការបង្ហាញដោយផ្ទាល់របស់ក្រុមការងារយើងជូនពួកគាត់នូវជម្រើសទ្រនំថ្មី បងប្អូនបានយល់ច្បាស់ពីបំណងប្រាថ្នារួមរបស់ក្រុមការងារក្រសួងនិងរដ្ឋបាលខេត្ត និងពេញចិត្តលើដំណោះស្រាយរបស់ក្រុមការងារ។
ឯកឧត្តមបន្តថា បើតាម រហូតមកដល់ពេលនេះ យើងបានដោះស្រាយជូនប្រជាពលរដ្ឋ សរុបចំនួន ៣២ខ្នងផ្ទះ ដែលមានបងប្អូនខ្លះបានសម្រេចយកទីតាំងដីសម្បទានសង្គមកិច្ច និងមួយចំនួនគាត់សម្រេចធ្វើការជាមួយដៃគូធនាគារនិងបុរីដើម្បីទិញផ្ទះក្នុងតម្លៃសមរម្យ។ យើងនឹងបន្តចុះជួបដោយផ្ទាល់ជាមួយបងប្អូននៅតាមទីតាំងជាក់ស្តែង ដើម្បីសិក្សាជម្រើសជូនពួកគាត់បន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថា កិច្ចការទាំងនេះ គឺជាគោលនយោបាយមួយទៀតរបស់ក្រសួង ដែលយើងជឿជាក់ថា ប្រជាជនគ្រប់រូបគួរមានលំនៅឋានរស់នៅសមរម្យ ដែលយើងកំពុងធ្វើឡើងក្រោមរូបភាពការចុះជួបផ្ទាល់ សិក្សាពីស្ថានភាពនិងជីវភាពរស់នៅ ការពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះរួម ដើម្បីចូលរួមកសាងទ្រនំថ្មី និងកសាងសុភមង្គលសម្រាប់ប្រជាជនយើង៕










