ប្រទេសចិន កាលពីថ្ងៃអង្គារ (ទី១៣ ខែមករា ឆ្នាំ២០២៦) បានបញ្ជាក់ថា ខ្លួននឹងការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធ ២៥ ភាគរយលើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់។
អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលត្រូវបានសួរ អំពីការប្រកាសអត្រាពន្ធរបស់លោក Trump អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់ថា៖ «យើងតែងតែជឿថា គ្មានអ្នកណាជាអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធនោះទេ ហើយប្រទេសចិន នឹងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់»។

បើយោងតាមក្រុមសិទ្ធិមនុស្សមួយ បានប៉ាន់ប្រមាណថា ការបង្ក្រាបដោយហិង្សាលើការតវ៉ា បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ជាង ២.០០០នាក់បាត់បង់ជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលអាជ្ញាធរ បានស្វែងរកការគ្រប់គ្រងឡើងវិញលើដងផ្លូវ ដែលមានការជួបជុំក្នុងចំនួនដ៏ច្រើនទូទាំងប្រទេស។
បេសកកម្មរបស់អ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ (UN) នៅទីក្រុង New York សហរដ្ឋអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញការប្រកាសដំឡើងពន្ធរបស់លោក Trump នេះ។ ដោយស្ថិតនៅក្រោមទណ្ឌកម្មធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិករួចហើយនោះ អ៊ីរ៉ង់នាំចេញប្រេងភាគច្រើនរបស់ខ្លួនទៅកាន់ប្រទេសចិន ដោយទួរគី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម និងឥណ្ឌា ក៏ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗជាងគេផ្សេងទៀតរបស់ខ្លួនផងដែរ។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងសំណួរ អំពីការចេញសេចក្ដីណែនាំ សម្រាប់អ្នកទេសចរចិន ដែលធ្វើដំណើរទៅអ៊ីរ៉ង់ លោកស្រី Mao បាននិយាយថា ទីក្រុងប៉េកាំង កំពុង «តាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃស្ថានការណ៍នេះ»។ លោកស្រីបានបន្ថែមថា «យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋចិន»។ នៅពេលនេះ ប្រទេសចិនមិនទាន់បានទទួលរបាយការណ៍នៅឡើយទេ អំពីអ្នកស្លាប់ និងរបួសនៃជនជាតិចិន នៅក្នុងប្រទេសអ៊ីរ៉ង់៕
