បើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មី បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ២៩នាក់ ក្នុងហេតុការណ៍ឧបករណ៍ស្ទូចសំណង់មួយ បានធ្លាក់មកលើរថភ្លើងដឹកអ្នកដំណើរ នៅថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) នៅភាគឦសានប្រទេសថៃ ខណៈមានការរំពឹងថា អ្នកបាត់បង់ជីវិត អាចកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ មនុស្សយ៉ាងតិច ៦៤នាក់ផ្សេងទៀត បានរងរបួស ហើយក្រុមអ្នកជួយសង្គ្រោះ នៅតែកំពុងស្វែងរកតាមបំណែកបាក់បែករបស់រថភ្លើង និងផ្តល់ជំនួយដំបូង។
ហេតុការណ៍នេះបានកើតឡើងនៅផ្នែកមួយនៃគម្រោងផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងតភ្ជាប់ចិនជាមួយបណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើន។
បើយោងតាមការិយាល័យទំនាក់ទំនងសាធារណៈ សម្រាប់ខេត្ត Nakhon Ratchasima ជាកន្លែងដែលគ្រោះថ្នាក់ បានកើតឡើង បានឲ្យដឹងថា ឧបករណ៍ស្ទូចនេះ ដែលកំពុងត្រូវបានប្រើប្រាស់សាងសង់ផ្នែកខ្ពស់នៃផ្លូវដែក បានធ្លាក់សង្កត់លើរថភ្លើង ខណៈពេលដែលរថភ្លើងកំពុងធ្វើដំណើរពីទីក្រុងបាងកកទៅកាន់ខេត្ត Nakhon Ratchasima។

ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា រថភ្លើងនេះមានចំនួន ៣ទូ ដែលទូ ២ចុងក្រោយខូចខាតធ្ងន់ធ្ងរខ្លាំងបំផុត។ លោក Piphat Ratchakitprakan រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បាននិយាយថា មនុស្សចំនួន ១៩៥នាក់ជិះនៅលើរថភ្លើងនេះ។ លោកបានបន្ថែមថា លោកបានបញ្ជាឲ្យមានការស៊ើបអង្កេត ពាក់ព័ន្ធនឹងមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះ។
គួរបញ្ជាក់ថា បើយោងតាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា ឧបករណ៍សន្ទូចនោះ បានបាក់ ហើយធ្លាក់លើរថភ្លើងដែលកំពុងធ្វើដំណើរឆ្លងកាត់ ដោយបានបណ្តាលឲ្យរថភ្លើងធ្លាក់ចេញពីផ្លូវ។ សាក្សី បាននិយាយថា ទូររថភ្លើងនោះត្រូវកាត់ផ្ដាច់ជាពីរ នៅពេលដែលឧបករណ៍ស្ទូចបានធ្លាក់សង្កត់លើ៕


