លោកប្រធានាធិបតី Donald Trump បានពោលសរសើរសមិទ្ធផលសេដ្ឋកិច្ចរបស់លោក នៅទីក្រុង Detroit កាលពីថ្ងៃអង្គារ (ទី១៣ ខែមករា ឆ្នាំ២០២៦) ដោយមានគោលបំណងផ្តោតឡើងវិញនូវការយកចិត្តទុកដាក់ លើការផលិតរបស់សហរដ្ឋអាមេរិក និងកិច្ចប្រឹងប្រែងរបស់លោក ក្នុងការដោះស្រាយជាមួយការចំណាយខ្ពស់របស់អ្នកប្រើប្រាស់ ខណៈដែលសេតវិមានខិតខំបង្ហាញថា ខ្លួនកំពុងធ្វើឲ្យកង្វល់មានកាន់តែតិចទៅៗ ជុំវិញបញ្ហាសេដ្ឋកិច្ចដែលប៉ះពាល់ដល់គ្រួសារអាមេរិក។
នៅក្នុងសុន្ទរកថាទៅកាន់ក្លឹបសេដ្ឋកិច្ច Detroit (Detroit Economic Club) លោក Trump បាននិយាយដោយមោទនភាពថា លោកបានធ្វើឲ្យសេដ្ឋកិច្ចអាមេរិកប្រសើរឡើងវិញ ក្នុងរយៈពេល ១១ខែនេះ។ លោកបានលើកឡើងថា៖ «កំណើនកំពុងស្ទុះឡើង ផលិតភាពកំពុងហក់ឡើង ការវិនិយោគកំពុងកើនឡើង ប្រាក់ចំណូលកំពុងកើនឡើង។ អតិផរណាត្រូវបានបំបាត់។ អាមេរិកត្រូវបានគោរពម្តងទៀត ដែលមិនធ្លាប់មានពីមុន»។

តែយ៉ាងណាក្ដី តម្លៃទំនិញប្រើប្រាស់ បានឡើងខ្ពស់កាលពីខែកន្លងទៅ ដែលជំរុញដោយការចំណាយលើថ្លៃអាហារ និងថ្លៃជួលខ្ពស់ ហើយកំណើនការងារស្ថិតក្នុងល្បឿនយឺតៗ។ លទ្ធភាពទិញ នៅតែជាកង្វល់ចម្បង សម្រាប់អ្នកបោះឆ្នោត ហើយបើយោងតាមការស្ទង់មតិរបស់ស្ថាប័ន Reuters/Ipsos កាលពីខែធ្នូឆ្នាំមុន បានបង្ហាញថា ការគាំទ្រ ចំពោះលោកប្រធានាធិបតី ជុំវិញការចំណាយនៃការរស់នៅ គឺមានត្រឹមតែ ២៧ភាគរយប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការធ្វើដំណើរកាលពីថ្ងៃអង្គារទៅមើលមជ្ឈមណ្ឌលដ៏សំខាន់នៃឧស្សាហកម្មរថយន្តរបស់អាមេរិកនេះ បានកើតមានឡើងបន្ទាប់ពីលោក Trump បានធ្វើឲ្យពិភពលោករំជើបរំជួលអស់រយៈពេលជាច្រើនសប្តាហ៍ ក្នុងនោះរួមទាំងការទម្លាក់ប្រធានាធិបតីវ៉េណេស៊ុយអេឡាចេញពីតំណែងដោយបង្ខំ ការគំរាមកំហែងដល់អ៊ីរ៉ង់ និងគុយបា ការព្រមានដល់រុស្ស៊ី និងចិន និងសូម្បីតែផ្ដល់បញ្ហាប្រឈមដល់ប្រទេសដាណឺម៉ាក ជុំវិញបញ្ហាកោះ Greenland៕

