ក្រសួងការបរទេសទីក្រុងយ៉ាងហ្គោន (Yangon) នៅថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា វាគឺជាដំណើរការ «ប្រកបដោយកំហុសឆ្គង និងគ្មានមូលដ្ឋាន» ពាក់ព័ន្ធនឹងសំណុំរឿងតុលាការអន្តរជាតិដែលចោទប្រកាន់សហភាពមីយ៉ាន់ម៉ាថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលភាគច្រើនជាមូស្លីម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយតាមសារព័ត៌មានរដ្ឋមួយ រដ្ឋាភិបាលបានអំពាវនាវឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) «ធ្វើសេចក្ដីសម្រេច ដោយផ្អែកលើការពិត និងប្រព័ន្ធច្បាប់យ៉ាងតឹងរ៉ឹង ក្នុងរង្វង់ក្របខ័ណ្ឌនៃអនុសញ្ញាប្រល័យពូជសាសន៍»។

គួរបញ្ជាក់ថា ចៅក្រមរបស់ ICJ កំពុងស្តាប់សក្ខីកម្មរយៈពេល ៣សប្តាហ៍ ដែលបានចាប់ផ្តើមនៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១២ ខែមករា ខណៈដែលពួកគេពិចារណាលើការចោទប្រកាន់ដោយប្រទេសហ្គាំប៊ី ដែលថា សហភាពមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ លើជនជាតិរ៉ូហ៊ីងយ៉ា អំឡុងការបង្ក្រាបឆ្នាំ២០១៧។
ជនជាតិរ៉ូហ៊ីងយ៉ាដែលកាន់សាសនាឥស្លាមរាប់រយរាប់ពាន់នាក់ បានរត់គេចពីការប្រើអំពើហិង្សាដោយកងទ័ពមីយ៉ាន់ម៉ា និងកងជីវពលខាងពុទ្ធសាសនា ដោយរត់គេចខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ហើយបានរៀបរាប់រឿងរ៉ាវដ៏គួរឲ្យរន្ធត់ អំពីការរំលោភសេពសន្ថវៈ ការដុតបំផ្លាញ និងឃាតកម្ម។
នៅថ្ងៃដំបូងនៃសវនាការនេះ រដ្ឋមន្ត្រីយុត្តិធម៌របស់ហ្គាំប៊ី លោក Dawda Jallow បានប្រាប់តុលាការថា ជនជាតិរ៉ូហ៊ីងយ៉ា «ត្រូវបានកំណត់គោលដៅ សម្រាប់ការបំផ្លិចបំផ្លាញ»។ មេធាវីតំណាងមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា នឹងចាប់ផ្តើមការឆ្លើយតបនៅតុលាការនេះ នៅថ្ងៃទី១៦ ខែមករា។
តែយ៉ាងណាក្ដី តាមរយៈសេចក្តីថ្លែងការណ៍ ដែលត្រូវបានផ្សាយលើទំព័រសារព័ត៌មាន Global New Light of Myanmar ក្រសួងការបរទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា៖ «ការចោទប្រកាន់ដែលធ្វើឡើងដោយប្រទេសហ្គាំប៊ី គឺមានកំហុសឆ្គង និងគ្មានមូលដ្ឋាន ទាំងផ្នែកការពិត និងច្បាប់»។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖ «របាយការណ៍លម្អៀង ពោលគឺផ្អែកលើភស្តុតាងមិនគួរឲ្យទុកចិត្ត មិនអាចបំពេញការពិតបានឡើយ»៕

