ភ្នំពេញ៖ កុមារអាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំនួនជាង ៣ម៉ឺននាក់ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន។
បើតាមឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៩ខែមីនា ឆ្នាំ២០២២នេះថា យោងតាមទិន្នន័យសរុប ជុំវិញដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ ចាប់ផ្តើមយុទ្ធនាការពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ល្ងាចថ្ងៃទី៨ ខែមីនាម្សិលមិញនេះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានកុមារចំនួន៣៧៣៧២នាក់ ក្នុងចំណោមកុមារ៧២៨៥៤នាក់ បើគិតជាភាគរយ៥១,៣០% បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន។
ឯកឧត្តមវេជ្ជបណ្ឌិត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ១៩ ដែលមានចំនួន៤២ទីតាំង ក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺក្រុមការងារគ្រូពេទ្យរងចាំចាក់វ៉ាក់សាំងជូន ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ និងបំប្លែងថ្មី ប្រភេទអូមីក្រុង និងបន្តបន្ទាប់ទៀត។
ជាមួយគ្នានោះដែរ អាណាព្យាបាល បាននាំយកកូនៗអាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ មកចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសទី២ ដូសទី៣ និងដូសទី៤ នៅមណ្ឌលសុខភាពឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបង្ហាញពីការកី្តរំភើបរីករាយ និងគោរពដឹងគុណជាទីបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានខិតខំរកជំនួយវ៉ាក់សាំងកូវីដ១៩ និងទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនពួកគាត់ដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនោះប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់អាណាព្យាបាលដែលបានយកកូនៗអាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចហើយនោះ សូមនាំកូនៗមកចាក់វ៉ាក់សាំងដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រៀងរាល់ម៉ោង៨:០០ព្រឹក ដល់ម៉ោង១៧:០០នាទីរសៀល ដែលគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល២៨ថ្ងៃ តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានផងដែរ៕ អត្ថបទ រដ្ឋា







