ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅមូលដ្ឋានរួម Andrews នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោនថា ការស្ទាក់ស្ទើររបស់ប្រជាជនហ្គ្រីនលែន ក្នុងការក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក គឺជា «បញ្ហារបស់ពួកគេ»។
នៅពេលត្រូវបានស្នើឲ្យធ្វើអត្ថាធិប្បាយអំពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីហ្គ្រីនលែន លោក Jens-Frederik Nielsen ដែលថា កោះនេះបានជ្រើសរើសប្រទេសដាណឺម៉ាកជាជាងសហរដ្ឋអាមេរិក លោក ត្រាំ បាននិយាយថា «នោះគឺជាបញ្ហារបស់ពួកគេ។ ខ្ញុំមិនយល់ស្របជាមួយលោកទេ។ ខ្ញុំមិនដឹងថា លោកគឺជានរណាទេ។ ពុំបានដឹងអ្វីទាំងអស់អំពីលោក ប៉ុន្តែនោះនឹងក្លាយជាបញ្ហាធំសម្រាប់លោក»។
លោកនាយករដ្ឋមន្ត្រីហ្គ្រីនលែន បាននិយាយនាពេលថ្មីៗនេះថា៖«ប្រសិនបើយើងត្រូវជ្រើសរើសរវាងសហរដ្ឋអាមេរិក និងដាណឺម៉ាក នៅទីនេះ និងឥឡូវនេះ យើងជ្រើសរើសប្រទេសដាណឺម៉ាក»។

លោក ត្រាំ បានបញ្ជាក់នៅក្នុងខែមីនា ឆ្នាំ ២០២៥ ថា សហរដ្ឋអាមេរិកនឹងដាក់បញ្ចូលកោះហ្គ្រីនលែន ដែលជាទឹកដីគ្រប់គ្រងដោយខ្លួនឯងរបស់ប្រទេសដាណឺម៉ាក។ មេដឹកនាំអាមេរិករូបនេះ បាននិយាយម្តងហើយម្តងទៀតថា កោះហ្គ្រីនលែន គួរតែក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។
នៅឆ្នាំ ១៩៥១ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកូប៉េនហាក (Copenhagen) បន្ថែមពីលើការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តចំពោះអង្គការណាតូ បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិហ្គ្រីនលែន។ ក្រោមសន្ធិសញ្ញានេះ សហរដ្ឋអាមេរិកបានប្តេជ្ញាការពារកោះនេះ ពីការឈ្លានពាន៕
