បើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មី បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ៣២ នាក់ហើយ ខណៈមានរបួសយ៉ាងតិច ៦៥នាក់ ដែលក្នុងនោះ ៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីាមនហេតុការណ៍ឧបករណ៍ស្ទូចសំណង់មួយ បានបាក់ធ្លាក់លើរថភ្លើងដឹកអ្នកដំណើរ នៅថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) នៅភាគឦសានប្រទេសថៃ។
ក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តស្វែងរកតាមបំណែកបាក់បែករបស់រថភ្លើង។ ហេតុការណ៍នេះបានកើតឡើងនៅផ្នែកមួយនៃគម្រោងផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងតភ្ជាប់ចិនជាមួយបណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើន។

បើយោងតាមការិយាល័យទំនាក់ទំនងសាធារណៈ សម្រាប់ខេត្ត Nakhon Ratchasima ជាកន្លែងដែលគ្រោះថ្នាក់នេះ បានកើតឡើង បានឲ្យដឹងថា ឧបករណ៍ស្ទូចនេះ ដែលកំពុងត្រូវបានប្រើប្រាស់សាងសង់ផ្នែកខ្ពស់នៃផ្លូវដែក បានធ្លាក់សង្កត់លើរថភ្លើង ខណៈពេលដែលរថភ្លើងកំពុងធ្វើដំណើរពីទីក្រុងបាងកកទៅកាន់ខេត្ត Nakhon Ratchasima។
លោក Piphat Ratchakitprakan រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បាននិយាយថា មនុស្សជិត ២០០នាក់ជិះនៅលើរថភ្លើងនេះ។ លោកបានបន្ថែមថា លោកបានបញ្ជាឲ្យមានការស៊ើបអង្កេត ពាក់ព័ន្ធនឹងមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះ។
គួរបញ្ជាក់ថា បើយោងតាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា ឧបករណ៍សន្ទូចនោះ បានបាក់ ហើយធ្លាក់លើរថភ្លើងដែលកំពុងធ្វើដំណើរឆ្លងកាត់ ដោយបានបណ្តាលឲ្យរថភ្លើងធ្លាក់ចេញពីផ្លូវ។ សាក្សី បាននិយាយថា ទូររថភ្លើងនោះត្រូវកាត់ផ្ដាច់ជាពីរ នៅពេលដែលឧបករណ៍ស្ទូចបានធ្លាក់សង្កត់លើ៕

