បេសកជនរបស់សេតវិមាន លោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងស្វែងរកការធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg News នាថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) ដោយដកស្រង់សម្តីរបស់បុគ្គលដែលដឹងពីបញ្ហានេះ។
បើយោងតាមសេចក្ដីរាយការណ៍នេះ បានឲ្យដឹងថា កិច្ចប្រជុំនេះអាចកើតឡើងនៅខែនេះ តែផែនការមិនទាន់បញ្ចប់ចុងក្រោយនៅឡើយទេ ហើយពេលវេលាអាចនឹងត្រូវបានពន្យារថែមទៀត ដោយសារតែភាពចលាចល នៅក្នុងប្រទេសអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់សេចក្ដីរាយការណ៍នេះភ្លាមៗបានទេ។ ហើយសេតវិមានក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Reuters ទេ។ មន្ត្រីសេតវិមានម្នាក់ បានប្រាប់សារព័ត៌មាន Bloomberg ថា កិច្ចប្រជុំបែបនេះមិនទាន់ត្រូវបានកំណត់ពេលនៅឡើយទេ នាពេលនេះ។
សេចក្ដីរាយការណ៍នេះបានឲ្យដឹងទៀតថា មន្ត្រីសហរដ្ឋអាមេរិកនឹងបង្ហាញសេចក្តីព្រាងសំណើសន្តិភាពចុងក្រោយបង្អស់ដល់លោក Putin និងក្រុមរបស់លោក ដោយបន្ថែមថា កិច្ចពិភាក្សានេះ ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើការធានាសន្តិសុខពីសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីគាំទ្រកិច្ចព្រមព្រៀងណាមួយ និងការកសាងឡើងវិញក្រោយសង្គ្រាម សម្រាប់អ៊ុយក្រែន។
គួរបញ្ជាក់ថា ដំណឹងនេះលេចឡើងបន្ទាប់ពីមានការអត្ថាធិប្បាយរបស់លោក Trump កាលពីដើមខែនេះ ដែលបានបង្ហាញការខកចិត្តជាមួយលោក Putin ចំពោះសង្គ្រាមដែលកំពុងបន្តមាននៅអ៊ុយក្រែន ដោយនិយាយឡើងវិញម្តងទៀតថា ដំបូងឡើយ លោកស្មានថា ការបញ្ចប់ជម្លោះនេះ នឹងធ្វើបានដោយងាយស្រួល៕
