ប្រធានាធិបតីប៉ូឡូញលោក Karol Nawrocki និយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គឺជាមេដឹកនាំម្នាក់គត់ដែលអាចលើកឡើងពីការគំរាមកំហែងរបស់រុស្ស៊ីមាននៅអឺរ៉ុប ។
ថ្លែងទៅកាន់ BBC លោក Nawrocki បានចាត់ថ្នាក់រុស្ស៊ីថាជាប្រទេសឈ្លានពានជាប្រវត្តិសាស្រ្ត មិនសំខាន់ថា ប្រព័ន្ធនយោបាយរបស់ពួកគេបែបណានោះទេ ។
លោក Nawrockiនិយាយថា ពួកយើងនៅប៉ូឡូញ ពួកយើងពុំដឹងអ្វីផ្សេងនោះទេ ក្រៅពីរុស្ស៊ី គឺជាប្រទេសឈ្លានពាន ។

លោកបន្តថា មិនខ្វល់ថាជារុស្ស៊ី Tsarist រុស្ស៊ីស្បែកស រុស្ស៊ី Bolshevik ឬ Putinសព្វថ្ងៃនោះទេ រុស្ស៊ីតែងតែជាការគំរាមកំហែងសម្រាប់ប៉ូឡូញ សម្រាប់អឺរ៉ុប សម្រាប់អឺរ៉ុបកណ្តាលប៉ែកខាងកើត ។
លោក Nawrocki បានធ្វើការព្រមានថា រុស្ស៊ីនៅតែជាគ្រោះថ្នាក់ធំ សម្រាប់អឺរ៉ុបក្នុងសតវត្សរ៍ទី ២១ ដោយរូបលោកលើកឡើងពីសង្រ្គាមកំពុងបន្តនៅអ៊ុយក្រែន ។
សូមបញ្ជាក់ថា ប្រធានាធិបតីប៉ូឡូញរូបនេះ កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃទៅកាន់ទីក្រុងឡុងដ្រ៍ ។ កាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានធ្វើជាម្ចាស់ផ្ទះជំនួបជាមួយលោក Nawrocki នៅវិមាន 10 Downing Street សម្រាប់កិច្ចពិភាក្សាផ្តោតសំខាន់លើសន្តិសុខជាចម្បង ៕
