នៅថ្ងៃពុធនេះ មនុស្សរាប់រយនាក់ បានជួបជុំគ្នានៅក្រៅសាលាក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដើម្បីបង្ហាញការគាំទ្រដល់ក្រុមបាតុករនៅអ៊ីរ៉ង់ ដែលប្រឈមនឹងការបង្រ្កាបយ៉ាងចាស់ដៃពីស្ថាប័នបុព្វជិត ។
លោក Mehdiគឺជាពលរដ្ឋអូស្រ្តាលីមួយរូបរស់នៅក្នុងទីក្រុងស៊ីដនីនិយាយថា លោកភ័យខ្លាចមួយរយៈពេល ដោយសារសុវត្ថិភាពគ្រួសាររបស់លោក ប៉ុន្តែលោកគិតថា វាដល់ពេលហើយដែលលោកត្រូវក្រោកឈរ ។
លោកបន្តថា ពួកយើងបានបាត់បង់មនុស្ស ២ម៉ឺននាក់ ឬច្រើនជាងនេះ ហើយលោកមិនអាចធ្វើអ្វីបានច្រើនជាងនេះទេ ។ លោកមកទីនេះ ដើម្បីក្មេងប្រុស និងក្មេងស្រីនៅអ៊ីរ៉ង់ ឲ្យពួកគេបានឮសម្តីរបស់ពួកយើង អានីតិជនដែលចាប់ផ្តើមចលនាមួយនេះ ពួកយើងគាំទ្រពួកគេ ។ ភាពសោកស្តាយធំបំផុតរបស់លោក គឺមិនបាននៅទីនោះ នៅតាមផ្លូវ ដើម្បីគំាទ្រពួកគេ ។
បាតុកម្មនៅអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ ប្រឆាំងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ ហើយចាប់តាំងពីពេលនោះមក វាបានប្រែក្លាយជាបាតុកម្មទ្រង់ទ្រាយធំដែលអំពាវនាវឲ្យមានការដួលរលំរបស់របបបុព្វជិត ។
ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា មកទល់នឹងពេលនេះ ពួកគេបានបញ្ជាក់ផ្ទៀងផ្ទាត់មនុស្សស្លាប់ ២.៤០៣នាក់ និងបុគ្គលដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ ចំនួន ១៤៧នាក់ ។
ក្រុមសិទ្ធិមនុស្ស HRANAរាយការណ៍ទៀតថា មនុស្ស ១៨.១៣៧នាក់ ត្រូវបានចាប់ខ្លួនមកទល់នឹងពេលនេះ ។
ស្របពេលដែលក្រុមអាជ្ញាធរអ៊ីរ៉ង់ធ្លាប់ទប់ទល់នឹងបាតុកម្មមុនៗ ភាពរំជើបរំជួលចុងក្រោយនេះ កំពុងកើតឡើង ចំពេលដែលទីក្រុងតេអេរ៉ង់ នៅងើបពីសង្រ្គាមកាលពីឆ្នាំមុន ហើយនិងគោលជំហរក្នុងតំបន់របស់ពួកគេទន់ខ្សោយ ដោយសារផលប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាក្រុមហេសបូឡារបស់លីបង់ ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដឹកនាំដោយក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ៕