ប្រជាពលរដ្ឋនាំគ្នាទ្រហោយំនៅជិតសាកសពមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានច្រក ក្នុងថង់ពណ៌ខ្មៅ រក្សាទុកនៅក្រៅសាលតម្កល់សព ស្ថិតក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រកោសល្យវិច្ច័យ Kahrizak នៅភាគខាងត្បូងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ។
យោងតាមការអះអាងរបស់ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឲ្យដឹងថា បាតុករជាង ២.៤០០នាក់ ត្រូវបានសម្លាប់ និងមនុស្សយ៉ាងហោច ១៨.០០០ ត្រូវបានចាប់ខ្លួន ចាប់តាំងពីអ៊ីរ៉ង់ចាត់វិធានការបង្រ្កាបយ៉ាងឃោឃៅ ដើម្បីកម្ទេចក្រុមប្រឆាំងកាលពីខែមុន ។
រូបភាពវីដេអូឃ្លីបដែលបានបង្ហោះមុនពេលដាច់អ៊ីនធឺណិតនៅអ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅ ឃើញទិដ្ឋភាពដ៏គួរតក់ស្លុតកាលពីដើមសប្តាហ៍មុន ។ ពលរដ្ឋព្យាយាមកំណត់អត្តសញ្ញាណមនុស្សជាទីស្រលាញ់របស់ពួកគេ នៅក្នុងចំណោមសាកសពរាប់សិបនាក់នៅក្នុងបន្ទប់ដូចជាឃ្លាំង និងនៅលើដីស្ថិតនៅក្រៅមជ្ឈមណ្ឌលកោសល្យវិច្ច័យ ។
បាតុកម្មបានរីករាលដាលពាសពេញផ្ទៃប្រទេសអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥រហូតមក ជាការឆ្លើយតបនឹងអតិផរណាហក់ឡើងខ្ពស់ ហើយភ្លាមៗនោះ វាបានប្រែក្លាយជារឿងនយោបាយ ដោយក្រុមបាតុករទាមទារឲ្យបញ្ចប់ការគ្រប់គ្រងរបស់បុព្វជិត ។
រូបភាពវីដេអូឃ្លីបទទួលបានដោយ CNN ឃើញហ្វូងមនុស្សជួបជុំគ្នានៅមុខម៉ូនីទ័រដែលបង្ហាញរូបថតមនុស្សស្លាប់ ពេលដែលមនុស្សជាទីស្រលាញ់របស់ពួកគេនៅជុំវិញ ព្យាយាមកំណត់អត្តសញ្ញាណរបស់ពួកគេ ។
យោងតាមព័ត៌មានឃើញនៅលើកញ្ចក់ម៉ូនីទ័រ និងរូបថតទទួលបានដោយទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្ស(HRANA) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក សាកសពមនុស្សប្រហែល ២៥០នាក់ ត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងមជ្ឈមណ្ឌលកោសល្យវិច្ច័យនេះ ៕