អាកាសធាតុរដូវរងាដ៏អាក្រក់ បណ្តាលឲ្យបិទអាកាសយានដ្ឋានក្រុង Budapest ប្រទេសហុងគ្រី ធ្វើឲ្យយន្តហោះមិនអាចហោះហើរបាន និងបណ្តាលឲ្យអាក់ខានដល់អ្នកដំណើរ ។
អាកាសយានដ្ឋានក្រុង Budapest បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អាកាសយានដ្ឋាន បានបិទបណ្តោះអាស្ន ដោយសារអាកាសធាតុកក ប៉ុន្តែវាបានបើកឡើងវិញហើយកាលពីវេលាម៉ោង ១២ ម៉ោងសកល ថ្ងៃអង្គារ ។
ការបិទនេះ បណ្តាលឲ្យមានការពន្យាពេលជើងហោះហើរ ហើយនិងការលុបចោលជើងហោះហើរ ។ សម្រាប់អ្នកដំណើរមួយចំនួនដូចជាអ្នកស្រី Maria Roa ការពន្យាពេលនេះ ធ្វើឲ្យអ្នកស្រីមានការព្រួយបារម្ភចំពោះការតភ្ជាប់ជើងហោះហើរបន្ទាប់ ។
អ្នកស្រីនិយាយថា បើសិនជាពួកគេបញ្ជូនពួកយើងទៅថ្ងៃស្អែក តើពួកយើងនឹងត្រូវខកខានជើងហោះហើរផ្សេងទៀតឬ?
លោក Andrey Malyshev គឺជាភ្ញៀវទេសចរមួយរូបមកពីប្រទេសរុស្ស៊ី និយាយថា ជើងហោះហើរបស់ពួកយើង ត្រូវបានពន្យាពេលនៅទីក្រុង Budapest ។ ការតម្រង់ជួរពិតជាវែងខ្លាំងណាស់ ពួកគេពុំបានផ្តល់ព័ត៌មានអ្វីទាំងអស់ ហើយពួកយើងទើបដឹងនៅរយៈពេលប៉ុន្មានម៉ោងក្រោយមកថា ជើងហោះហើរត្រូវបានផ្លាស់ប្តូរ លុបចោល និងចុះចតនៅទីក្រុង Belgorod ។
លោកបន្តថា ដូច្នេះហើយឥឡូវនេះ ពួកយើងត្រូវរង់ចាំប័ណ្ណបញ្ចុះតម្លៃ រង់ចាំសណ្ឋាគារ ហើយពួកយើងនឹងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត ។
សូមបញ្ជាក់ថា អាកាសយានដ្ឋាននៅទីក្រុង Prague, Vienna និងទីក្រុង Bratislava បានរងផលប៉ះពាល់ផងដែរ ៕