ប្រជាពលរដ្ឋរស់នៅលើកោះ Greenlandនិយាយថា ពួកគេសង្ឃឹមថា នឹងមានដំណោះស្រាយការទូតមុនជំនួបនៅថ្ងៃពុធនេះនៅទីក្រុងវ៉ាស៊ីនតោន រវាងរដ្ឋមន្រ្តីការបរទេសដាណឺម៉ាក និងរដ្ឋមន្រ្តីការបរទេសកោះ Greenland ហើយនិងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ។
ជំនួបនេះកើតមានឡើង ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កើនការគំរាមកំហែងកាលពីពេលថ្មីៗរបស់លោកចំពោះការដណ្តើមគ្រប់គ្រងកោះ Greenland ដែលជាដែនដីស្វយ័តរបស់រាជាណាចក្រដាណឺម៉ាក ។
អ្នកស្រី Charlotte Heilmann គឺជានិវត្តជនមួយរូបនិយាយថា អ្នកស្រីមិនអាចយល់បានទាល់តែសោះថាតើហេតុអ្វីបានជាលោក Trumpនៅតែចង់បានកោះរបស់ពួកយើង ។
លោក Juno Berthelsen គឺជាសមាជិកសភាមួយរូបរបស់គណបក្ស Naleraq ដែលជាគណបក្សប្រឆាំងធំបំផុត និងជាអ្នកបង្ហាញសំឡេងនយោបាយលេចធ្លោសម្រាប់ឯករាជ្យកោះ Greenland ស្វាគមន៍កិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន ។
លោក Trump និយាយថា កោះ Greenlandចាំបាច់សម្រាប់សន្តិសុខសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិក ត្រូវតែគ្រប់គ្រងវា ដើម្បីការពាររុស្ស៊ី និងចិនពីការកាន់កាប់ដែនដីទីតាំងយុទ្ធសាស្រ្ត និងសម្បូរធនធានរ៉ែមួយនេះ នាពេលអនាគត ។
ក្រុមមន្រ្តីសេតវិមាន បាននឹងកំពុងពិភាក្សាលើផែនការជាច្រើន ដើម្បីធ្វើឲ្យកោះ Greenlandមកស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក រួមទាំងលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា និងការទូទាត់ប្រាក់ជាដុំដល់ពលរដ្ឋរស់នៅលើកោះ Greenland ដែលជាផ្នែកមួយនៃការប៉ុនប៉ង ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យផ្តាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក ។
រដ្ឋមន្រ្តីការបរទេសដាណឺម៉ាកលោក Lars Lokke Rasmussen និងសមភាគី Greenlandលោក Vivian Motzfeldt បានស្នើសុំឲ្យមានជំនួបជាមួយលោក Rubio ក្រោយការគំរាមកំហែងរបស់លោក Trump ៕